ដោយ : ភ្នំធំ / បន្ទាយមានជ័យ៖ថ្លែងទៅកាន់ពលរដ្ឋភៀសសឹក ក្នុងពេលចាប់ឆ្នោតរេីសក្បាលដី និងផ្ទះ លោកអ៊ុំ រាត្រី ក៏បានបញ្ជាក់ជូនបងប្អូនភៀសសឹកថា ការរៀបចំដី និងផ្ទះជូនបងប្អូនខាងលើនេះ មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ ។
តែគឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ។
នេះបើតាមប្រភពដែលស្រង់សំដីលោក ដូចដែលបាននិយាយនៅព្រឹកថ្ងៃទី២៧ខែមីនា ឆ្នាំ ២០២៦ ។
លោក អ៊ុំ រាត្រី ក៏បានបន្តថា បងប្អូនដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុំព័ទ្ធផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅក្នុងទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី តែងតែគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភាពរបស់បងប្អូននិងកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន។
គឺដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធបានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្ន ក្រុមការងារបាននឹងកំពុង ដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនសម្រាប់បងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុង តំបន់ហ៊ុំព័ទ្ធចូលទៅរស់នៅជាបណ្តោះអាសន្ន ។
លោកអភិបាលខេត្តក៏បានបញ្ជាក់ថា : ការចាប់ផ្តេីមនេះជាជំហានទី២ មាន ភូមិផ្លូវបំបែក ៣៨៦គ្រួសារ និងភូមិត្រពាំងសំរោង ៤០២គ្រួសារ នៅឃុំគោករមៀត ។
សូមបញ្ជាក់ថា ជំហានដំបូងនៃការចាប់ឆ្នោតជ្រេីសរេីសក្បាលដីផ្ទះ ត្រូវបានជ្រើសរើសយកពីរភូមិ ក្នុងមានភូមិបន្ទាយមានរិទ្ធ ចំនួន៥០៤គ្រួសារ និងភូមិសាមគ្គី៣១៨គ្រួសារ៕

