កំពង់ធំ៖ នៅវេលាម៉ោង ១៣និង៤០នាទី រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ទោ គង់ ជាន ប្រធានមន្ទីរ បានចុះអនុវត្តដីកាបង្គាប់ចាប់ខ្លួនតាមកម្រិតច្បាប់ នៅបុរីអារ៉ាខាវ៉ាថោនសឃ្វែរ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សកម្មភាពនេះបានប្រព្រឹត្តទៅក្រោមការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពីស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការណែនាំផ្នែកនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ធំ និងឯកឧត្តមព្រះរាជអាជ្ញារាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ កម្លាំងបានអនុវត្តតាមដីកាបង្គាប់លេខ ២៦០ “ជ” ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ដែលចេញដោយលោក ផាន់ រ័ត្នរិត្យា ចៅក្រមស៊ើបសួរ អមអយ្យការសាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ។
លទ្ធផល កម្លាំងបានចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ ពិន រស្មី ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ជនសង្ស័យឲ្យកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីអនុវត្តបន្តតាមនីតិវិធី។

