ដោយ អ៊ួង សុផាត÷](កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានសង្កត់ធ្ងន់ថា សកម្មភាពសប្បុរសធម៌ និងការចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ គឺជាភារកិច្ចចាំបាច់ដែលត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំដូច «ភ្លៀងរលឹម»។ ប្រសាសន៍លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំកងកម្លាំង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ១០០គ្រួសារ ក្នុងស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកស្នងការបានបញ្ជាក់ថា ការចុះជួយប្រជាពលរដ្ឋនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ជាពិសេស លោកក៏បានលើកឡើងពីកិច្ចអន្តរាគមន៍ជួយដល់បងប្អូនជនភៀសសឹក ដែលស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំផងដែរ។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះ លោកស្នងការបានផ្ដាំផ្ញើនូវចំណុចសំខាន់ៗចំនួន ៥ ដល់បងប្អូនប្រជាពលរដ្ឋរួមមាន៖
១. រក្សាភាពស្ងប់ស្ងាត់ និងជឿជាក់៖ ត្រូវមានទំនុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
២. គាំទ្រកងទ័ពជាតិ៖ ចូលរួមគាំទ្រយ៉ាងពេញទំហឹងដល់កងទ័ពខ្មែរ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
៣. ពង្រឹងសាមគ្គីភាព៖ រក្សាឯកភាពផ្ទៃក្នុង និងប្រឆាំងដាច់ខាតរាល់ឧបាយកលបង្កចលាចលរបស់ក្រុមជ្រុលនិយម ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។
៤. ថែទាំសុខភាព៖ ត្រូវរស់នៅស្អាត ផឹកស្អាត និងមានអនាម័យ ដើម្បីបង្ការជំងឺផ្សេងៗក្នុងស្ថានភាពអាកាសធាតុប្រែប្រួល។
៥. ខិតខំបង្កបង្កើនផល៖ បន្តដាំដុះ និងចិញ្ចឹមសត្វតាមលក្ខណៈគ្រួសារ ដើម្បីជួយសម្រាលបន្ទុកចំណាយ និងលើកកម្ពស់ជីវភាព។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានប្រគល់គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ មកពីឃុំនីពេជ និងឃុំត្បែង ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេស, ទឹកបរិសុទ្ធ ១កេស, ទឹកត្រី ១យួរ និងថវិកា ៥០,០០០រៀល៕ដោយអ៊ួង សុផាត

