លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក ៣០គ្រួសារ ក្នុងឃុំក្តីដូង

ដោយ អ៊ួង សុផាត÷]​(កំពង់ធំ)៖ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្តីដូង បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកចំនួន ៣០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
​អមដំណើរក្នុងឱកាសនោះរួមមាន៖ ឯកឧត្តម ប្លុង ពុទ្ធកូរ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល, ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំជាច្រើនរូបទៀត។
​មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវអភិបាលរងខេត្ត បានសម្តែងនូវការសោកស្តាយចំពោះផលប៉ះពាល់ដែលបង្កឡើងដោយជម្លោះព្រំដែន។ លោកជំទាវបានបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្នស្ថានការណ៍បានវិលមករកភាពប្រក្រតី ហើយបងប្អូនមួយចំនួនបានត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់ក៏ដោយ ក៏រដ្ឋបាលខេត្ត និងក្រុមការងារ នៅតែបន្តយកចិត្តទុកដាក់ចំពោះបងប្អូនដែលមិនទាន់បានផ្លាស់ទីលំនៅ ដោយមិនទុកឱ្យនរណាម្នាក់ដាច់ស្បៀងអាហារឡើយ។
​លោកជំទាវបានសង្កត់ធ្ងន់ថា៖ «ស្មារតីសាមគ្គីភាព “ខ្មែរជួយខ្មែរ” គឺជានិមិត្តរូបនៃការមិនបោះបង់គ្នាក្នុងគ្រាលំបាក។ កម្លាំងសាមគ្គីដ៏រឹងមាំរវាងប្រជាជន និងវីរៈកងទ័ពជួរមុខ គឺជាអាវុធដ៏ស័ក្តិសិទ្ធិបំផុតក្នុងការការពារបូរណភាពទឹកដីរបស់យើង»។ ជាមួយគ្នានោះ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភធនធាន និងសម្ភារៈដល់រដ្ឋបាលខេត្ត ដើម្បីបន្តចែកជូនដល់កងទ័ព និងជនភៀសសឹក។
​អំណោយដែលបានចែកជូននាពេលនោះ រួមមាន៖
​ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១៥គីឡូក្រាម, សាច់ក្រក ១គីឡូក្រាម, នំកញ្ចប់ ១កញ្ចប់, គុយទាវភ្នំពេញ ១យួរ, ទឹកសុទ្ធ ២យួរ, សៀង ១យួរ និងថវិកាមួយចំនួន។
​ដោយឡែក ឯកឧត្តម ជា វ៉ាន់ចាន់ បានឧបត្ថម្ភបន្ថែមរួមមាន៖ ទឹកសុទ្ធ ១កាដុងធំ, អង្ករ ១បេ និងនំកញ្ចប់ ១កញ្ចប់ សម្រាប់ជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃផងដែរ។
​ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *