ដោយ : ភ្នំធំ / បន្ទាយមានជ័យ :សេវាករ( ក្រុមហ៊ុនឯកជនផ្តល់សេវាអគ្គីសនី) អគ្គិសនីមូល ទិត្យ ចង្ហា( មានការិយាល័យរួមនៅឃុំចង្ហារ) នាល្ងាចថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ បានសម្រេចសុំផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់គ្រប់ដណ្តប់នៅឃុំចង្ហារ ឃុំសូភី និងឃុំសឹង្ហស្រុក អូជ្រៅ ខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្ន ដោយសារ គ្រាប់ផ្លោងយោធាចោសៀមឈ្លានពានបានបាញ់ផ្លោងធ្លាក់ត្រូវដាច់ខ្សែបញ្ជូន បង្គោលនិងឧបករណ៍អគ្គីសនីជាច្រើនកន្លែង នាប៉ុន្មានថ្ងៃមកទល់ថ្ងៃត្រង់ថ្ងៃទី២៧ខែធ្នូ ។
លោកលៀង ហេង នៃសេវាករអគ្គិសនីមូល ទិត្យ ចង្ហារអោយដឹងថា: ” យើងខ្ញុំនឹងព្យាយាមជួសជុលឡើងវិញអោយបានលឿនតាមភាពជាក់ស្តែង តាមដែលអាចធ្វើបាន ។
សូមបញ្ជាក់ថា បើទោះបីជាមានបទឈប់បាញ់៧២ម៉ោងរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ថៃ ចុះហត្ថលេខាកាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ ហើយចូលជាធរមានពីម៉ោង១២ ថ្ងៃត្រងមកក៏ដោយ ក៏ក្តីបារម្ភពីការប្រឈមនិងសន្តិសុខ សុវត្ថិភាពដែលអាចកើតឡើងដោយយោធាថៃឈ្លានពានបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកពីយន្តហោះនៅតែមាន។
មួយទៀត ក៏បារម្ភពីគ្រាប់យុទ្ធភ័ណ្ឌដែលធ្លាក់រាយប៉ាយ មិនស្គាល់កន្លែងផងដែរ។
លោកលៀង ហេង ប្រាប់បន្តថា : ការខូចខាតខ្សែបញ្ជូន បង្គោលនិងឧបករណ៍អគ្គីសនីដែលបង្កពីការបាញ់ប្រហារគ្រាប់កាំភ្លើងយោធាថៃវាអាក្រក់និងធ្ងន់ធ្ងរជាងការខូចខាតដោយគ្រោះធម្មជាតិនិងមនុស្សបំផ្លាញ។
ហេតុនេះ.សូមបងប្អូនអតិថិជនមេត្តាយោគយល់និងរង់ចាំដំណឹងជាថ្មី ថាការជួសជុលរួចនិងអាចតភ្ជាប់សេវាចរន្តអគ្គីសនីឡើងវិញ ។
លោកស្រីគឹម វ៉ិត ជំទប់ទី១ ទទួលជាមេឃុំស្តីទីឃុំសូភីបានប្រាប់សារព័ត៌មានថា : ក្នុងឃុំត្រូវដាច់ចរន្តអគ្គីសនី សេវាទូរស័ព្ទនិងទឹកស្អាតសហគមន៍តាំងពីថ្ងៃទី២៧ខែធ្នូ មក ដែលបង្កការប៉ះពាល់ដល់ :ទី១-ការទាក់ទងនិងបំពេញការងារ របររកស៊ី ។ទី២- ជីវភាពប្រចាំថ្ងៃដែលត្រូវប្រើចរន្តអគ្គីសនី។ទី៣- បណ្តាញរាយការណ៍ចុះធ្វើបច្ចុប្បន្នភាពស្ថានភាពពលរដ្ឋ ត្រូវទៅនិងមកជួប និយាយផ្ទាល់មាត់ទើបបាន។
ចំពោះស្ថានភាពពលរដ្ឋភៀសសឹក លោកស្រីគឹម វ៉ិត ថា: ទំនងជាដោយការបន់ស្រន់ព្រលឹងបុព្វបុរសខ្មែរសម័យបុរេប្រវត្តិនិងសម័យប្រវត្តិនិងវត្ថុុសក្ត័សិទ្ធិក្នុងឃុំ ទើបគ្រាប់កាំភ្លើងធំផ្លោងយោធាថៃឈ្លានពានក្នុងភូមិសាស្ត្រឃុំសរុប១១៨គ្រាប់ បានធ្លាក់ខាងក្រៅភូមិ មិនប៉ះពាល់ ខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ហេដ្ឋាេចនាសម្ព័ន្ធ សត្វ ឡើយ។ លើកលែងតែស្លាប់តាម្នាក់និងយាយដែលធ្វើដំណើរតាមផ្លូវ។
ចំពោះពលរដ្ឋទាំងអស់ ៥ភូមិក្នុងឃុំ ចំនួន១ ៤០៥គ្រួសារ មនុស្សរាយ៤.៩៤៩នាក់ /ស្រី២ ៥២៤នាក់ ដែលភៀសសឹកតាំងពីថ្ងៃទី៨ខែធ្នូ នោះ បានវិលត្រឡប់ចូលភូមិវិញបានប្រមាណ៤០% ហើយ បន្ទាប់ពីបទឈប់បាញ់ថ្មីកាលពីថ្ងៃត្រង់ថ្ងៃទី២៧ខែធ្នូ ។
ចំពោះលោកអ៊ុច មករា មេឃុំចង្ហារវិញបានថ្លែងប្រាប់សារព័ត៌មានថា: ភូមិទាំង៦ក្នុងឃុំបានរងគ្រោះដោយគ្រាប់កាំភ្លើងធំយោធាថៃផ្លោងធ្លាក់ចំនួន៥២គ្រាប់ ក្នុងនោះ២គ្រាប់មិនទាន់ផ្ទុះ ក្នុងនោះបំផ្លាញផ្ទះពលរដ្ឋ៩ខ្នង ក្នុងនោះ១ខ្នងធ្ងន់នៅភូមិឈូក។
លោកអ៊ុច មករា បន្តថា: ទន្ទឹមនឹងនោះ ការបាញ់ផ្លោងរបស់យោធាថៃបង្កអោយខូចខាតខ្សែបញ្ជូននិងឧបករណ៍បង្កអោយទូទាំងឃុំបានដាច់ចរន្តអគ្គិសនីនិងទឹកស្អាតសហគមន៍ ។
ទាក់ទិនពលរដ្ឋភៀសសឹក លោកថា ពលរដ្ឋទូទាំងឃុំ១ ៨៧៦គ្រួសារ មនុស្សរាយ៥ ៦៤៨នាក់បានភៀសសឹក ។
តែមកទល់ល្ងាច្ងៃទី២៨ខែនេះ បានវិលវិញប្រមាណ៦០% ហើយ ។
រីឯលោកខ្លឹង សុខុន មេឃុំសឹង្ហវិញបានប្រាប់សារព័ត៌មានថា : នៅភូមិសាស្ត្រឃុំនេះ យោធាថៃឈ្លានពានបានបាញ់ផ្លោងកាំភ្លើងធំធ្លាក់គ្រាប់ចំនួន៣១គ្រាប់ មិនផ្ទុះ១គ្រាប់លើភូមិទាំង៥នៃឃុំ ។ ក្នុងនោះភូមិផ្គាំចំនួន២០គ្រាប់ ។បង្កខូចខាតផ្ទះពលរដ្ឋ២៥ខ្នង ក្នុងនោះធ្ងន់១ខ្នង ។
ប៉ុន្តែ លោកខ្លឹង សុខុន ថា : ការបាញ់ផ្លោងរបស់យោធាថៃនោះ បង្កអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធ ។ក្នុងនោះខូចធ្ងន់ដល់បណ្តាញអគ្គីសនីនិងទឹកស្អាតសហគមន័ទូទាំងឃុំ ។ ឯសេវាទូរស័ព្ទ ក៏រងការលំបាកផងដែរ ។
ទោះជាមិនមានពលរដ្ឋរងរបួសឬស្លាប់ ក៏លោកខ្លឹង សុខុន ថា ពលរដ្ឋស្ទើរទាំងអស់ក្នុងឃុំបានភៀសសឹក ហើយចាប់ពីល្ងាចថ្ងៃទី២៧ខែធ្នូ មានជនភៀសសឹក៥០ភាគរយបានវិលវិញ ។
ពលរដ្ឋក្នុងឃុំមាន២ ០៨៧គ្រួសារ មនុស្សរាយ៦. ៨៧៩នាក់ ៕
