ឯកឧត្តម ប៉ែន ផល្លីកា ដឹកនាំក្រុមការងារ ចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តកំពង់ឆ្នាំង

 

កំពង់ឆ្នាំង៖ នៅថ្ងៃទី ២៧ សីហា ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងខេត្តកំពង់ឆ្នាំង។

ក្រុមការងាររួមមាន លោក ឈិន តួ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងកងកម្លាំងជំនាញសរុប ៣៧ នាក់ ព្រមទាំងសហការីកងកម្លាំងប្រតិបត្តិការសឹករង និងអាជ្ញាធរស្រុកពាក់ព័ន្ធ។

ការចុះបេសកកម្មបានប្រតិបត្តិការនៅតំបន់អង្គរទ្វីប ដល់ទំនប់ ឃុំស្វាយរំពា ស្រុកកំពង់លែង និងតំបន់បឹងសួង ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី។ ក្នុងអំឡុងប្រតិបត្តិការ ក្រុមការងារបានរឹបអូសឧបករណ៍នេសាទខុសច្បាប់មួយចំនួន រួមមាន៖

របាំងសាច់អួន ១ ករណី ស្មើនឹង ៤ កន្លែង ប្រវែងសរុប ៤០០ ម៉ែត្រ បង្គោល ១៦០ ដើម និងលបលូ ៦ មាត់។

របាំងស្បៃមុង ១ ករណី ស្មើនឹង ២០ កន្លែង ប្រវែងសរុប ១,៨៤០ ម៉ែត្រ បង្គោល ៦៩០ ដើម និងលបលូ ២២ មាត់។

ក្រុមការងារបានចាក់លែងត្រីចម្រុះចំនួនប្រមាណ ១៤៥ គីឡូក្រាម ទៅក្នុងបឹងទន្លេសាបវិញ ដើម្បីអភិរក្សធនធានជលផល។

ឯកឧត្តម ប៉ែន ផល្លីកា បានលើកឡើងថា សកម្មភាពបទល្មើសនេសាទមានការថយចុះគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ដែលព្យាយាមទប់ស្កាត់ និងអនុវត្តច្បាប់យ៉ាងខិតខំប្រឹងប្រែង។

គាត់បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារបន្តសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាពការងារ ចែកវេនចេញល្បាតទប់ស្កាត់បទល្មើសទាំងយប់ និងថ្ងៃ ដើម្បីការពារកន្លែងអភិរក្ស និងធនធានជលផលក្នុងបឹងទន្លេសាបឱ្យបានប្រសើរឡើង ជាប្រយោជន៍រួមសម្រាប់សង្គមទាំងមូល៕

 

Leave a Reply

Your email address will not be published. Required fields are marked *