អ្នកនាំពាក្យក្រសួងការបរទេសចិន ទទួលស្គាល់ថា កម្ពុជាមានសព្វាវុធរបស់ចិន គឺជារឿងធម្មតា

ដោយ : ភ្នំធំ / ប៉េកាំង-ចិន ៖អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជៀឃុន (Guo Jiakun) បានបញ្ជាក់នៅថ្ងៃពុធទី១៧ខែធ្នូថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងចិន ជាមួយប្រទេសកម្ពុជា និងប្រទេសថៃ គឺជាកិច្ចសហប្រតិបត្តិការធម្មតា មិនមានគោលដៅប្រឆាំងនឹងភាគីទី៣ ណាមួយឡើយ។
ហើយក៏មិនមានទំនាក់ទំនងជាមួយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះដែរ។

នេះបើយោងប្រភពកាសែតក្លូបល់.ថែមស៍ ( Global times)

ការបញ្ជាក់នេះ បានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍មួយចំនួនថា : កងទ័ពថៃ បានរឹបអូសយកអាវុធប្រឆាំងរថក្រោះ ដែលផលិតដោយចិន ព្រមទាំងឧបករណ៍យោធាផ្សេងៗទៀត ពីទីតាំងយោធារបស់កម្ពុជា ក្នុងអំឡុងពេលនៃការប៉ះទង្គិចនៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។

លោក គួ ជៀឃុន បាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ នៅថ្ងៃទី១៧ ធ្នូ នេះថា «ចិនធ្លាប់បានអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិជាទៀងទាត់និងស្របច្បាប់ជាមួយទាំងប្រទេសថៃ និងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ មិនបានកំណត់គោលដៅទៅលើប្រទេសទី៣ ណាមួយទេ ហើយក៏មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃឡើយ»។

ទាក់ទងនឹងព័ត៌មានលម្អិតអំពីអាវុធ និងសម្ភារៈយោធាដែលត្រូវបានរាយការណ៍ថា: ត្រូវបានរឹបអូស លោកអ្នកនាំពាក្យក្រសួងការបរទេសចិន បានបន្ថែមថា សម្រាប់ស្ថានការណ៍ជាក់លាក់ សូមសួរព័ត៌មានបន្ថែមពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធរបស់ប្រទេសចិន។

ចិន ត្រូវបានគេស្គាល់ថា ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រសំខាន់របស់ទាំងកម្ពុជា និងថៃ ។
ជាពិសេសក្នុងវិស័យការពារជាតិ រួមមាន ការផ្គត់ផ្គង់ឧបករណ៍យោធា ការបណ្តុះបណ្តាល ការធ្វើសមយុទ្ធរួម និងការផ្លាស់ប្តូរបច្ចេកទេសយោធា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា និងចិន បានពង្រឹងកិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធ ខណៈដែលថៃក៏មានទំនាក់ទំនងការពារជាតិសកម្មជាមួយចិនដូចគ្នាដែរ។

អ្នកវិភាគយោធាខ្លះ បានមើលឃើញថា ការលើកឡើងរបស់ចិននៅពេលនេះ គឺមានគោលបំណងរក្សាតុល្យភាពការទូតនិងជៀសវាងការត្រូវបានទាញចូលពាក់ព័ន្ធដោយផ្ទាល់ក្នុងជម្លោះព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។
ពួកគេក៏បានសង្កត់ធ្ងន់ថា ការលក់ ឬផ្គត់ផ្គង់អាវុធ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរដ្ឋ និងរដ្ឋ ដែលមិនអាចត្រូវបានបកស្រាយថា ជាការគាំទ្រផ្នែកយោធាទៅលើភាគីណាមួយក្នុងជម្លោះនោះទេ។

ជាមួយគ្នានេះផងដែរ ចិនបានអំពាវនាវជាញឹកញាប់ឲ្យភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាតានតឹងតាមរយៈការសន្ទនា និងមធ្យោបាយសន្តិភាព ដើម្បីរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕

Leave a Reply

Your email address will not be published. Required fields are marked *