​រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិបាលកិច្ចល្អ

​ដោយ អ៊ួង សុផាត÷}[កំពង់ឆ្នាំង]៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាស្តីពីការពិគ្រោះយោបល់រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ក្នុងគោលបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងពង្រឹងអភិបាលកិច្ចល្អនៅមូលដ្ឋាន។
​វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី លោក គុយ ចាន់ថា សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងអង្គការ សមាគម សហជីព ព្រមទាំងសហគមន៍សរុបជាង ៣០០រូប។

​វេទិកាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្ររួមមាន៖
​ដោះស្រាយបញ្ហាប្រឈម៖ រួមគ្នាពិភាក្សា និងរកដំណោះស្រាយលើបញ្ហានានាដែលបានជួបប្រទះនាពេលកន្លងមក និងបច្ចុប្បន្ន។
​ បង្កើនភាពជិតស្និទ្ធរវាងរដ្ឋបាលខេត្ត និងដៃគូអភិវឌ្ឍន៍ (អង្គការ សមាគម សហជីព និងសហគមន៍)។
​ ជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
​ក្នុងឱកាសនោះ លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំបំពេញការងារនាពេលកន្លងមក។ លោកបានបញ្ជាក់ថា ការងារភាពជាដៃគូនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។
​លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់តំណាងអង្គការ សមាគម សហជីព និងសហគមន៍ទាំងអស់នូវចំណុចសំខាន់ៗដូចខាងក្រោម៖
​”សូមបន្តសហការឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តកិច្ចការងារឱ្យកាន់តែមានភាពល្អប្រសើរ។ រដ្ឋបាលខេត្តនឹងបន្តគាំទ្រ និងសហការជានិច្ច ដើម្បីឱ្យភាពជាដៃគូនេះមានប្រសិទ្ធភាព ក្នុងន័យលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងពង្រឹងអភិបាលកិច្ចល្អនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ”។
​វេទិកានេះបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបាននូវធាតុចូលសំខាន់ៗជាច្រើន ដើម្បីយកទៅអនុវត្ត និងកែលម្អកិច្ចសហប្រតិបត្តិការនៅទូទាំងខេត្តកំពង់ឆ្នាំងឱ្យកាន់តែប្រសើរឡើងថែមទៀត៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *