ដោយ អ៊ួង សុផាត÷(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន និង កងកម្លាំងទាំងបី ឲ្យយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ការគាំទ្រចាំបាច់ចំពោះ ពលរដ្ឋជនភៀសសឹក ដែលបានធ្វើ មាតុភូមិនិវត្តន៍ មកដល់មូលដ្ឋានស្រុកស្ទោង។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូន ពលរដ្ឋងាយរងហានិភ័យ ចំនួន ៣២ គ្រួសារ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៥។
នៅក្នុងឱកាសនោះ លោកអភិបាលស្រុកស្ទោង ក៏បានជម្រាបជូនប្រជាពលរដ្ឋពីស្ថានភាពបច្ចុប្បន្នដែលលោកហៅថា “ចោរសៀមឈ្លានពានបូរណភាពដែនដី” ដែលបង្កឱ្យមានការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រាសាទបុរាណមួយចំនួន។
លោកបានអំពាវនាវឲ្យពលរដ្ឋត្រូវជឿទុកចិត្តលើ យុទ្ធសាស្ត្រ និង ភាពអត់ធ្មត់ “ស្ងាត់តែមិនស្ងៀម” របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរក្សា សុខសន្តិភាព ជាពិសេសការគោរពតាមបទឈប់បាញ់ដែលមានលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាហត្ថលេខី។
ទន្ទឹមនឹងនេះ លោកបានកោតសរសើរខ្ពស់ចំពោះ រដ្ឋបាលឃុំចំណាលើ ដែលបានគិតគូរយកចិត្តទុកដាក់ ចែកអំណោយជូនប្រជាពលរដ្ឋងាយរងហានិភ័យ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានជំរុញឲ្យបន្តកិច្ចការងារនេះជានិរន្តរ៍។
ជាចុងបញ្ចប់ លោកបានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ខិតខំ ថែរក្សាសុខភាព ឲ្យបានល្អប្រសើរ។
ខិតខំ ដាំដំណាំបន្លែបង្ការ ជាដំណាំរួមផ្សំជុំវិញគេហដ្ឋាន ដោយ គ្មានប្រើប្រាស់សារធាតុគីមី ដើម្បីទ្រទ្រង់ជីវភាពនិងសុខភាពប្រចាំថ្ងៃ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋងាយរងហានិភ័យដែលបានទទួលអំណោយក្នុងឱកាសនេះមាន ៣២ គ្រួសារ។ អំណោយទាំងនេះជាថវិកាសេវាសង្គមមូលនិធិឃុំ ដោយមួយគ្រួសារៗទទួលបាននូវ៖ អង្ករ១បេ, តង់១, មុង១, មី១កេស, ប្រេងឆា១ដប, និងត្រីខរ១យួរ។ដោយ អ៊ួង សុផាត

