ផ្ទុះអាវុធជាច្រើនគ្រាប់ ពេលកម្លាំងនគរបាលចម្រុះបង្ក្រាបទីតាំងឆបោកតាមអនឡាញ២ទីតាំងនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសជាង៣០០នាក់

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :អនុវត្តតាមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ-តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយ លោកឧត្តមឧសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ។

សមត្ថកិច្ចបានឆ្មក់បង្ក្រាបទីតាំងឆបោកតាមអនឡាញ( Scammer Onlines ) ២ទីតាំងនៅប្លុកប្រជុំជនក្រុងដ៏មមាញឹកនាភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ទី១-នៅក្បែរហាងសាច់អាំងកំពង់ចាម ដែលមានអគារ១៦ជាន់ និងទី២-មួយទៀតក្បែរស្ថានីយ៍ប្រេងអិលអេចអ( LHR ) ។
ក្នុងនោះបានឃាត់ខ្លួនជនបរទេសជាង៣០០នាក់និងរឹបអូសមធ្យោបាយ វត្ថុតាងជាច្រើន ។

ក្នុងប្រតិបត្តិការនោះដែរ ក៏មានស្នូរផ្ទុះអាវុធប្រមាណជាង១០គ្រាប់ នៅពេលជនជាតិបរទេសសម្រុកចេញពីអគារបង្ក្រាបអគារកម្ពស់១៦ជាន់ចុះមកផ្ទាល់ដី។
ក៏មានជនជាតិបរទេសដែលជាប់នៅជាន់លើបានទម្លាក់ចានបង្គន់និងសម្ភារ:ផ្សេងៗពីអគារធ្លាក់ចំរថយន្ត ដំបូលផ្ទះនិងលើដី ។
ក្នុងនោះដែរមានជនជាតិបរទេសបានសម្រុកបុករបងទ្វារប្រុងរតចេញទើបកម្លាំងបានបាញ់កាំភ្លើងដៃឡើងលើចំនួនជាង១០គ្រាប់ ដើម្បីកំញើញ ប៉ុន្តែមិនបង្កឲ្យខូចខាតឬគ្រោះថ្នាក់អ្វីឡើយ។

មន្ត្រីបានរំលឹកថា៖ យោងបទបញ្ជារនិងអនុសាសន៍របស់សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ដាច់ខាតត្រូវតែលុបបំបាត់ទាំងស្រុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬ ស្គែមអនឡាញ(Scammer Onlines ) ។

កម្លាំងជំនាញបាននឹងកំពុងបន្តអនុវត្តនីតិវិធីចំពោះជនបរទេសដែលពាក់ព័ន្ធបទល្មើស ហើយត្រូវបានបញ្ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់។
ប៉ុន្តែចំពោះជនបរទេសមិនពាក់ព័ន្ធបទល្មើស សមត្ថកិច្ចត្រៀមរថយន្តជាង១០គ្រឿងសម្រាប់ដឹកជញ្ជូនទៅប្រមូលផ្តុំនិងអនុវត្តនិតិវិធីបណ្តេញចេញដោយបង្ខំពីប្រទេសកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *