ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ- ឧត្តរមានជ័យ / ស៊ីសាកេតុ:អំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ មានច្រើនក្នុងនោះ ភាគីទាំងពីរឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំទំនាស់នៃវិវាទជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ ធ្វើនៅច្រកព្រំដែនអន្តរជាតិជាំសាង៉ាមស្រុកភូស៊ីងខេត្តស៊ីសាកេត – ច្រកព្រំដែនអន្តរជាតិជាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ។
យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអំពីលទ្ធផល នៃកិច្ចប្រជុំនេះបានអផយដឹងថា: គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤។ គណៈ ប្រតិភូថៃដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ ។
ទាំង២នាក់ជាជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC) នេះ ។
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១១៖០០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖៥៣នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។
ក្នុងនោះ ភាគីទាំងពីរឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំទំនាស់នៃវិវាទ រាប់បញ្ចូលទាំងរបស់ភាគីម្ខាងទៀតនៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមានថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ ។
ពោលគឺបន្តអនុវត្តនូវស្មារតីខ្លឹមសារនៃកិច្ចព្រមព្រៀងបទឈប់បាញ់ឥតលក្ខខ័ណ្ឌកម្ពុជា ថៃ នៅប្រទេសម៉ាឡេស៊ី ទាំង១៣ចំណុច ។
ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវត្តជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
ទាក់ទិននឹងការរាយលួសបន្លា ការប្រើចំពាមបាញ់ ការដោះលែងទាហានកម្ពុជា១៨រូបដែលទាហានថៃប្រើល្បិចព័ទ្ធចាប់ពង្រត់កាលពីថ្ងៃទី២៩ខែកក្កដានៅជាំតែ…អីៗ ពុំឃើញបានលើកឡើងក្នុងលទ្ធផលខ្លឹមសារស្មារតីនៃកិច្ចប្រជុំនេះឡើយ ។
សូមអានបន្ថែមនូវសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម:

