យោធាថៃបានបើកបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែកម្លាំងកម្ពុជានៅតែមិនតប តដើម្បី…….

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-ឧត្តរមានជ័យ :វេលាម៉ោងប្រមាណ១៤:១៥នាទី ” យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០” ។
ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល។
នេះបើយោងសេចក្តីប្រកាសព័ត៌មានលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាដែលសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

លោកស្រីបន្តថា: “នៅក្នុងឧប្បត្តិហេតុនោះ កងកម្លាំងកម្ពុជាមិនធ្វើការតបតទេ និងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត” ។ ” ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ” ។

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ៕

Leave a Reply

Your email address will not be published. Required fields are marked *