រងការចោទប្រកាន់ថា ចាប់ក្មេងធ្វើទារុណកម្ម , ចៅអធិការវត្តបឹងស្នោត្រូវផ្អាកតួនាទី ចាកចេញពីវត្ត

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ករណីពាក់ព័ន្ធនឹងព្រះតេជគុណ ឡុង រតនៈ គ្រូចៅអធិការវត្តបឹងស្នោ ឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ និងបក្ខពួក ក្នុងករណីត្រូវចោទប្រកាន់ថា បានចាប់ក្មេងប្រុសអាយុ១២ ឆ្នាំធ្វើទារុណកម្មកន្លងមក ទោះបីជាត្រូវបានដកហូតមុខនាទីនិងបណ្តេញចេញពីវត្តកាលពីថ្ងៃទី១៩ខែវិច្ឆិកា កន្លងមកមែន ប៉ុន្តែបទល្មើសព្រហ្មទ័ណ្ឌជាប់ខ្លួននៅឡើយទេ។
នេះបើតាម មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចអោយដឹងកាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០២៥ ។

សូមរំលឹកថា ក្រោយពេលទទួលបានព័ត៌មានអំពើហឹង្សារកាលពីយប់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ ខាងលើ ព្រះឧត្តមសីលញាណធុល សុធា ព្រះមេគណខេត្តបានចាត់មន្ត្រីសង្ឃចំនួន៤ អង្គ ចុះអង្កេតទៅវត្តបឹងស្នោ ព្រមទាំងសម្រេចផ្អាកតួនាទីព្រះចៅអធិការជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយបន្ត។

ចំណែកផែនការងារនគរបាលយុត្តិធម៍ស្រុកស្វាយចេកអោយដឹងថា: នៅល្ងាចថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍ស្លក្រាមនិងកម្លាំងជំនាញពីអធិការដ្ឋាន បានចុះស្រាវជ្រាវករណីចាប់ក្មេងធ្វើទារុណកម្មនៅចំណុចវត្តបទុមមុន្នីបារមីក្រពើផុសហៅវត្តបឹងស្នោភូមិបឹងស្នោរឃុំស្លក្រាមនោះ ។

យោង កុមារារងគ្រោះឈ្មោះសុខ លាប អាយុ១២ឆ្នាំ លំនៅភូមិបឹងស្នោបានឆ្លើយបំភ្លឺថា ខ្លួនបានដើរឆ្លុះទៅចាប់កង្កែប ក្រឡនតនក្នុងទីធ្លាវត្ត ហើយត្រូវបានព្រះចៅអធិការវត្តឲ្យកូនសិស្សលោក០២នាក់ ចាប់យកទៅខាងសាលាឆាន់ហើយព្រះអង្គថា បានតែចាប់ចងជើងបោកឲ្យងាប់។
បន្ទាប់មកព្រះអង្គក៍បានយកដៃចាប់ កនិងខ្វេះមាត់ ហើយបង្ខាំងចាក់សោរទុកក្នុងសាលាឆាន់។
រីឯព្រះគ្រូ ឡុង រតន: ចៅអធិការវត្តបឹងស្នោរបានបំភ្លឺថាថា : នៅវេលាព្រលប់ខាងលើ កូនសិស្សឈ្មោះ ប៊ុន ជៀន និងលោកនេន១អង្គ បានប្រាប់ព្រះអង្គថា មានកូនក្មេងមកឆ្លុះសត្វនៅក្នុងបរិវេណវត្តទៀតហើយ។
ពេលនោះកូនសិស្សឈួលពិល ឯព្រះអង្គក៏ប្រើទូរស័ព្ទថតវីឌីអូ ហើយហៅក្មេងនោះមកអប់រំ ។
ប៉ុន្តែក្មេងនោះបានរត់បាត់ ។ តែ១០នាទីក្រោយ ក្មេងក៏ត្រឡប់មកវិញ ។ពេលកូនសិស្សលោកទៅហៅម្ដងទៀត តែក្មេងនោះមិនមកទេ ហើយថែមទាំងជេរប្រមាថកូនសិស្សលោកទៀត ។
ឃើញដូច្នោះ កូនសិស្សលោកក៏បានទៅចាប់បីក្មេងនោះយកមក។
ព្រះអង្គអះអាងទៀតថា ក្រៅពីជេរប្រមាថ គឺក្មេងនោះបាននាំបក្សពួកយកច្បូកចាក់ត្រីរត់សំដៅព្រះអង្គ ដែលធ្វើឱ្យព្រះអង្គការពារខ្លួន និងចាប់ក្មេងទាំងនោះចូលសាលាឆាន់ ដើម្បីរងចាំហៅឪពុកម្តាយយកទៅអប់រំ។

ពេលចាប់ក្មេងនោះបាន វារើបម្រាស់ ទើបចាប់ក្របួចចំមាត់ តែរអិល ហើយក៏លែងដៃ ទៅចាប់ត្រង់-កអាវវិញ រួចយកមកលើសាលាឆាន់ រួចឲ្យគេហៅឪពុកម្ដាយរបស់ក្មេងនោះយកទៅអប់រំ ត្បិតអី ករណីបែបនេះ បានកើតឡើងច្រើនលើកហើយ ។

ព្រះអង្គបន្តថា :នៅពេលឪពុកម្ដាយក្មេងនោះមកដល់ ពួកគាត់មិនស្តាប់ដីការលោកប្រាប់សាច់រឿងទេ គឺមានតែជេរយកៗ តែម្ដង ហើយថែមទាំងថតវីឌីអូសកម្មភាពជម្លោះទៀត។
បន្ទាប់មកអាចារ្យវត្តបានមកហើយស្តាប់រឿងហេតុនេះ ។
ហើយខណ:នោះ ព្រះអង្គក៏បានរាយកាណ៍ទៅមេប៉ុស្ដិ៍ប៉ូលីសរដ្ឋបាលឃុំ ស្លក្រាម។ ហើយក៏សុំឲ្យឪពុកម្ដាយរបស់ក្មេងនោះសម្របសម្រួលគ្នានិងផុសវីឌីអូ ។ បន្ទាប់មក ព្រះអង្គបានអោយលុយថ្លៃទិញពិលថ្មីអោយក្មេងនោះ។

ក្នុងនោះព្រះតេជគុណឡុង រតន: បានប្រាប់ បន្ថែមទៅសាលាគណស្រុក ខេត្តនិងមន្ទីរធម្មការខេត្តបន្ទាយមានជ័យនូវហេតុការណ៍អធិករណ៍ក្នុងវត្តនេះ ហើយថា ព្រះអង្គក្លាយជាជនរងគ្រោះ ដោយត្រូវភាគីខាងក្មេងប្រុសនោះប្តឹងទៅនគរបាលប៉ុស្តិ៍ពីបទបង្ករអំពើហឹង្សារទៅវិញ ។

ករណីនេះ លោកយី ភារម្យ មេភូមិបឹងស្នោរបានអោយដឹងថា: រឿងរ៉ាវជម្លោះរវាងព្រះតេជគុណឡុង រតន:គ្រូចៅអធិការវត្តបឹងស្នោរនេះមានជាយូរមកហើយជាមួយពុទ្ធបរិស័ទ ប្រជាពលរដ្ឋនិងភ្នាក់ងារភូមិ ។ ហេតុនេះ លោកជាមេភូមិពិបាកនិយាយ ព្រោះបើនិយាយទៅថា លោកអាក្រក់ និយាយយកត្រូវខ្លួនឯង ព្រះអង្គអាងខ្សែអាងវល្ល៍ ។
កន្លងមក ចៅអធិការវត្តនេះ បានចោទប្រកាន់លោកមេភូមិថា ប្រព្រឹត្តខុសច្រើនករណី ។ លោកថា បើច្បាប់រកមិនឃើញ ក៏សូមឲ្យខ្ញុំទទួលបាបចុះ បើលោកប្រព្រឹត្តមែន តែលោកគ្មានទេ ។
លោកបន្តថា : សង្ឃអង្គនេះ នៅមានករណីចោទប្រកាន់ថា បានបៀតបៀនផ្លូវភេទទៀតផង ប៉ុន្តែនារីដែលរងគ្រោះនោះ មិនសហការនឹងសមត្ថកិច្ចដើម្បីដាក់បន្ទុកឡើយ ។

ចំពោះម្តាយរបស់ក្មេងរងគ្រោះបានអោយដឹងថា: អ្នកស្រីជិតគ្រប់ខែផង តែបានដួលបង្កព្រួយបារម្ភដល់កូនក្នុងផ្ទៃ ខណ:រត់មកមើលកូនពេលឮថាព្រះគ្រូចៅអធិការវត្តចាប់ឃុំក្នុងសាលាឆាន់។
អ្នកស្រីស្នើសុំអោយអាជ្ញាធរមានសមត្ថកិច្ចរកខុសត្រូវនិងយុត្តិធម៌ដល់កូនប្រុសរបស់អ្នកស្រីផង ។

ករណីនេះលោកស្រីរស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យបានស្នើអោយលោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត សហការនឹងសាលាគណខេត្ត សាលាអនុគណស្រុកចុះពិនិត្យ ស្រាវជ្រាវជាមួយអាជ្ញាធរដែនដីនិងសមត្ថកិច្ចដើម្បីស្វែងរកការពិតនិងធ្វើកំណត់ហេតុដើម្បីអោយគ្រប់ភាគីទទួលយកបាន។

ក្នុងនោះ លោកប្រធានមន្ទីរបានចុះទៅសហការនឹងសាលាគណ ហើយនិមន្តព្រះគ្រូឡុង រតន: ចៅអធិការវត្តមកបំភ្លឺនិងសម្របសម្រួលដោះស្រាយតាមសមត្ថកិច្ចធម្មការនិងគណ: សង្ឃ ហើយសម្រេចផ្អាកតួនាទី ព្រះចៅអធិការជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយបន្តផ្នែកបទល្មើសអំពើហឹង្សារតាមក្រោយ។
ក្នុងនោះ លោកក៏សួរសុខទុក្ខស្ត្រីម្តាយនៃក្មេងប្រុសនិងក្មេងប្រុសដែលទៅពិនិត្យ ព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកស្វាយចេកផងដែរ។
ដោយគ្រូពេទ្យបានប្រាប់ថា ស្ថានភាពសុខភាពអ្នកទាំងពីរនឹងសះស្បើយឆាប់ៗទេ ។

ទោះជាយ៉ាងណា អាជ្ញាធរខេត្តបន្ទាយមានជ័យបានបញ្ជារអោយចាត់ការអោយតឹងតែង ចាតការតាមនិតិវិធី ស្រាវជ្រាវរកការពិត មិនមែនធ្វើដល់ចៅអធិការវត្តមកប្រើអំពើហឹង្សារវ៉ៃលើក្មេង ហើយយកលុយ៣-៤ម៉ឺនរៀលមកបិទសំណុំរឿងបទល្មើសព្រហ្មទ័ណ្ឌដូច្នេះឡើយ ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥ អាជ្ញាធរ មន្ទីរធម្មការនិងសាលាគណខេត្ត អនុគណស្រុកបានចុះសម្របសម្រួលអធិករណ៍ក្នុងវត្តបឹងស្នើរនេះម្តងហើយ។ ក្នុងនោះអង្គប្រជុំសម្រេចថា : ទី១- រក្សាតួនាទី ភារកិច្ចព្រះតេជគុណឡុង រតន: ជាចៅអធិការវត្តដដែល ប៉ុន្តែស្ថិតក្រោមការពិនិត្យ តាមដាន ស៊ើបអង្កេត។ទី២-រៀបចំបោះឆ្នោតជ្រើសរើសអាចារ្យ គណៈ:កម្មការវត្ត អោយមានសុពលភាពឡើងវិញ។ទី៣-ធ្វើបញ្ជីចំណូល ចំណាយវត្តចាប់ពីមានបញ្ហារហូតមក ដល់ពេលនេះ។ទី៤- ព្រះគ្រូចៅអធិការត្រូវបង្ហោះផ្ទាល់( Live Video) សូមទោសនិងចាក់មីក្រូសុំទោស ។ទី៥- ព្រះគ្រូចៅអធិការវត្តកាន់តែបច្ច័យ៤ របស់ខ្លន កុំកាន់ថវិកាវត្ត។ទី៦- ជំពាក់លុយទិញគ្រឿងសំណង់កសាងវត្ត ទុកអោយវត្តសងទាំងអស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *