​លោកឧត្តមសេនីយ៍ទោ ហេង សុផល ជំរុញឱ្យកម្លាំងជំនាញ បង្កើនការងារចរាចរណ៍ផ្លូវគោក តាមរយៈវិធានការសំខាន់ៗចំនួន ៦


ដោយ អ៊ួង សុផាត÷​(កំពង់ធំ)៖ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវវិធានការជំនាញសំខាន់ៗចំនួន ៦ចំណុច ដល់មន្ត្រីការិយាល័យពាក់ព័ន្ធ និងកម្លាំងអធិការដ្ឋាននគរបាលទាំង ០៩ក្រុង-ស្រុក ដើម្បីពង្រឹងការងារចរាចរណ៍ផ្លូវគោក និងទប់ស្កាត់គ្រោះថ្នាក់ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
​ការដាក់ចេញនូវវិធានការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានសេចក្ដីណែនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
​នៅក្នុងកិច្ចប្រជុំពង្រឹងរបៀបរបបការងារជំនាញនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានសង្កត់ធ្ងន់លើការងារចរាចរណ៍ផ្លូវគោក ដោយដាក់ចេញនូវចំណុចស្នូល ៦ ដូចខាងក្រោម៖
​១. ធ្វើជាគំរូល្អ: មន្ត្រីនគរបាលទាំងអស់ត្រូវធ្វើគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរព និងអនុវត្តច្បាប់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ។
​២. បង្កើនការអប់រំផ្សព្វផ្សាយ: ពង្រឹងការងារចុះផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរាចរណ៍ ដល់ប្រជាពលរដ្ឋនៅគ្រប់គោលដៅងាយរងគ្រោះ ដើម្បីបង្កើនការយល់ដឹង និងចូលរួមគោរពច្បាប់ឱ្យបានទូលំទូលាយ។
​៣. សម្រួលចរាចរណ៍: ពង្រាយកងកម្លាំងតាមទីប្រជុំជន ដើម្បីជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្ស ឬអ្នកធ្វើដំណើរ ក្នុងការបញ្ជៀសការកកស្ទះ និងចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។
​៤. ល្បាតត្រួតពិនិត្យ: បញ្ចេញកងកម្លាំងចុះល្បាតត្រួតពិនិត្យភូមិសាស្ត្រតាមដងផ្លូវ ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់អ្នកធ្វើដំណើរ។
​៥. ដោះស្រាយបញ្ហាប្រឈម: មន្ត្រីជំនាញត្រូវចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់អ្នកធ្វើដំណើរ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដាក់ផ្លាកសញ្ញា ឬសាជីតាមគោលដៅនីមួយៗ ដើម្បីពញ្ញាក់ស្មារតីឱ្យមានការប្រុងប្រយ័ត្ន។
​៦. កសាងនីតិវិធីប្រកបដោយតម្លាភាព: បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ មន្ត្រីជំនាញត្រូវកសាងនីតិវិធីដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្ត្រីនគរបាលយុត្តិធម៌ ប្រកបដោយតម្លាភាព និងតុល្យភាព។
​បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កងកម្លាំងបានបន្តចុះផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋតាមគោលដៅងាយរងគ្រោះ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យមានកម្រិតទាប។
​ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាអាយុជីវិត ទ្រព្យសម្បត្តិ និងចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *