ដោយ សុខ សុវណ្ណ÷កំពង់ធំ៖នៅព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាឧបត្ថម្ភដល់លោកវរសេនីយ៍ទោ ស៊ុយ ប៊ុនហួរ នាយរងការិយាល័យភស្តុភារ នៃស្នងការដ្ឋាន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះមន្ត្រីនគរបាលដែលកំពុងមានជំងឺ។ លោកស្នងការបានបញ្ជាក់ថា ថ្នាក់ដឹកនាំនគរបាលជាតិ តែងតែគិតគូរអំពីសុខទុក្ខ និងសុខមាលភាពរបស់កងកម្លាំងជានិច្ច ជាពិសេសមន្ត្រីដែលបានបំពេញតួនាទីភារកិច្ចការពាររក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងមន្ត្រីដែលជួបទុក្ខលំបាកផ្សេងៗ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់អ្នកជំងឺ ត្រូវខិតខំថែរក្សាសុខភាព ដោយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដូចជាការបរិភោគស្អាត សម្រាកគ្រប់គ្រាន់ ពិសាឱសថទៀងទាត់ ព្រមទាំងព្យាយាមហាត់ប្រាណពង្រឹងកាយសម្បទា ដើម្បីឲ្យសុខភាពបានល្អប្រសើរឡើងវិញឆាប់ៗ ហើយអាចបន្តចូលរួមបំពេញតួនាទីជូនអង្គភាព និងសង្គមជាតិ។
ជាការលើកទឹកចិត្ត និងសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ (មួយលាន) រៀល ព្រមទាំងភេសជ្ជៈប៉ូវកម្លាំង និងទឹកបរិសុទ្ធមួយចំនួនផងដែរ។
ជាចុងក្រោយ លោកវរសេនីយ៍ទោ ស៊ុយ ប៊ុនហួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារថវិកាដល់ក្រុមគ្រួសារលោក។ លោកក៏បានជូនពរថ្នាក់ដឹកនាំ និងប្រតិភូទាំងអស់ ឲ្យជួបតែពុទ្ធពរទាំងបួនប្រការ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ដោយ សុខ សុវណ្ណ

