លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានាក្នុងវត្តបាគង

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីត្រៀមសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា ១ខ្នង កម្ពស់ ២ជាន់ (មាន ៦បន្ទប់សិក្សា) និងសមិទ្ធផលនានាក្នុងវត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

​ពិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

​កងឱ្នុកាសនោះ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះកើតចេញពីសទ្ធាជ្រះថ្លារបស់យោធិនគ្រប់លំដាប់ថ្នាក់ និងគ្រួសារកងទ័ព នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារសំណង់ (ស៊ីម៉ងត៍) រួមជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ ដើម្បីអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

​លោកមេបញ្ជាការបានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យពុទ្ធចក្រមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្ននៅទូទាំងប្រទេសមានវត្តអារាមជាង ៥,០០០វត្ត និងព្រះសង្ឃជាង ៧០,០០០អង្គ ដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជន។

​បន្ថែមលើនេះ លោកឧត្ដមសេនីយ៍ទោ និងលោកជំទាវ ព្រមទាំងសហការី ក៏បានចូលរួមបច្ច័យបន្ថែមទៀត ដើម្បីរៀបចំពិធីសម្ពោធឱ្យបានរលូន និងសម្រាប់បន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាក្នុងវត្តបាគងផងដែរ។

​ព្រះភិក្ខុឥន្ទ្រិយរក្ខិតោ ណន សុខា ព្រះគ្រូចៅអធិការវត្តបាគង រួមជាមួយគណៈកម្មការវត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្ដមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់វត្តអារាម។

​ព្រះតេជគុណបានរំលឹកដោយក្ដីរំភើបថា កាលពីដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩ ដែលវត្តត្រូវបានបិទខ្ទប់ លោកឧត្ដមសេនីយ៍ទោ និងសហការី បានលះបង់ និងហ៊ានប្រឈមគ្រោះថ្នាក់ ដើម្បីនាំយកចង្ហាន់ និងបរិក្ខារពេទ្យមកជួយសង្គ្រោះព្រះសង្ឃ និងពុទ្ធបរិស័ទដែលកំពុងជួបការលំបាក ដែលនេះគឺជាវីរភាពដ៏ធំធេងមិនអាចបំភ្លេចបានឡើយ។ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *