គម្រោងមូលនិធិឃុំស្តីពីគ្រោះធម្មជាតិ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់សុខុមាលភាពពលរដ្ឋ


​ដោយ សុខ សុវណ្ណ÷(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា «គម្រោងគ្រោះធម្មជាតិមូលនិធិឃុំ» គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
​ការលើកឡើងនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារជួបគ្រោះធម្មជាតិ និងងាយរងហានិភ័យនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។
​លោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា ថ្វីដ្បិតជំនួយ និងអំណោយនៅពេលនេះ គឺជាការជួយសង្គ្រោះផ្គត់ផ្គង់គ្រួសារបានមួយរយៈក៏ពិតមែន ប៉ុន្តែអំណោយគឺជាអាវុធមុខពីរ។ ដូច្នេះ អាជ្ញាធរឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផ្ដល់ជូនគ្រួសារជួបគ្រោះធម្មជាតិ ឬងាយរងហានិភ័យដោយភាពប្រាកដប្រជា និងច្បាស់លាស់បំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងឲ្យបានត្រូវគោលដៅ មានប្រសិទ្ធភាព និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
​ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានណែនាំដល់អាជ្ញាធរឃុំ ត្រូវពិនិត្យលទ្ធភាពជាក់ស្ដែងបន្ថែមទៀត ក្នុងការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ ដើម្បីឆ្លើយតបនឹងស្ថានភាពក៏ដូចជាសង្គ្រោះគ្រួសារដែលមានបញ្ហាពិតប្រាកដ។ លើសពីនេះ អាជ្ញាធរត្រូវចៀសវាងភាពមិនប្រក្រតីណាមួយកើតឡើង ដែលនាំឲ្យខូចប្រយោជន៍ និងបាត់បង់ថវិកាជាតិ ហើយពុំបានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋឡើយ។
​លោក សាយ គឹមឡម ក៏បានជំរុញដល់អាជ្ញាធរឃុំបន្ទាយស្ទោង ត្រូវធ្វើការបើកផ្លូវ និងប្រព័ន្ធធារាសាស្ត្រស្រោចស្រពបន្ថែមឲ្យបានធំទូលាយ ដើម្បីធានាគុណភាពសំណង់ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ក៏ដូចជារក្សាសុវត្ថិភាពលើដងផ្លូវ ងាយស្រួលស្រោចស្រពស្រែរបស់កសិករ និងបញ្ចៀសគ្រោះទឹកជំនន់ជាយថាហេតុប្រកបដោយប្រសិទ្ធភាព។
​ជាចុងបញ្ចប់ លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងសហការី ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ និងផ្លូវគមនាគមន៍ ខ្វាត់ខ្វែងក្នុងមូលដ្ឋាន។ ការរួមចំណែកនេះ បានធ្វើឲ្យការអភិវឌ្ឍស្រុកស្ទោងមានភាពរីកចម្រើន ក៏ដូចជាបញ្ចៀសគ្រោះទឹកជំនន់ និងស្រោចស្រពស្រូវបានយ៉ាងមានប្រសិទ្ធភាពបំផុត។
​សូមបញ្ជាក់ថា គ្រួសារដែលជួបគ្រោះធម្មជាតិដែលបានទទួលអំណោយមនុស្សធម៌ក្នុងឱកាសនេះមានចំនួន ៨១គ្រួសារ។ ក្នុងមួយគ្រួសារៗ ទទួលបាននូវ៖ អង្ករ១បាវ, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ។ដោយ សុខ សុវណ្ណ

Leave a Reply

Your email address will not be published. Required fields are marked *