​ខេត្តកំពង់ធំ ចាប់ឆ្នោតបែងចែកដីលំនៅឋាន និងកសិកម្ម ជូនពលរដ្ឋខ្វះខាតជាង ៨០០គ្រួសារ តាមរយៈគម្រោង LASED III


​;ដោយ អ៊ួង សុផាត÷កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ជូនដល់ប្រជាពលរដ្ឋដែលជាមុខសញ្ញាគោលដៅចំនួន ៨១៣គ្រួសារ ស្ថិតក្នុងស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥។
​ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, ឯកឧត្តម សុខន ឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម យី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងលោកស្រី ចំររើន មុទិតា តំណាងធនាគារពិភពលោក។ ទីតាំងនៃកម្មវិធីគឺនៅវត្តកំពង់ជ្វា ក្នុងស្រុកប្រាសាទសំបូរ។
​ឃុំគោល ស្រុកប្រាសាទសំបូរ៖ មានផ្ទៃដីសរុប ១,២១៣ ហិកតា សម្រាប់ចែកជូនមុខសញ្ញាអ្នកទទួលដី ៤៣៧ គ្រួសារ។
​ឃុំទំរីង ស្រុកសណ្តាន់៖ មានផ្ទៃដីសរុប ៨៧១ ហិកតា សម្រាប់ចែកជូនមុខសញ្ញាអ្នកទទួលដី ៣៧៦ គ្រួសារ។
​ថ្លែងក្នុងពិធីនោះ ឯកឧត្តម នួន ផារ័ត្ន បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋដែលបានទទួលដី និងបានគូសបញ្ជាក់ថា ការចាប់ឆ្នោតជ្រើសរើសយកដីនេះ គឺជាផ្នែកមួយនៃកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យមានការគោរពគោលការណ៍ សមធម៌ តម្លាភាព និងស្ថេរភាព។ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់អ្នកទទួលដីទាំងអស់ កុំលក់ដីសម្បទានសង្គមកិច្ចនេះ ហើយត្រូវខិតខំថែរក្សា និងបង្កបង្កើនផលដាំដុះឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។
​ចំណែក ឯកឧត្តម សុខន ឫទ្ធីគុណ បានជម្រាបជូននូវសាវតារខ្លះៗពាក់ព័ន្ធនឹងដំណើរការគម្រោង LASED III ដែលបានអនុវត្តរួចមកហើយចំនួនបីដំណាក់កាលក្នុងខេត្តកំពង់ធំ។ ឯកឧត្តមបានបន្តថា បន្ទាប់ពីការចាប់ឆ្នោតកំណត់បានលេខសម្គាល់ក្បាលដីទាំងដីលំនៅឋាន និងដីកសិកម្មរួចហើយ ប្រជាពលរដ្ឋទាំងអស់អាចចុះទៅពិនិត្យទីតាំងផ្ទាល់ និងត្រូវរូតរះចូលទៅរៀបចំសាងសង់ទីជម្រកស្នាក់នៅ ព្រមទាំងព្យាយាមប្រើប្រាស់ដីកសិកម្មនេះ ឱ្យប្រែក្លាយជាព័ណ៌បៃតងស្រស់បំព្រង មានដំណាំ បន្លែ ផ្លែឈើ ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ។ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *