ដោយ អ៊ួង សុផាត(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់នៃមន្ទីរបរិស្ថានខេត្ត ត្រូវបន្តខិតខំចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យបានគង់វង្ស និងមានប្រសិទ្ធភាពខ្ពស់។
ការជំរុញនេះបានធ្វើឡើងនៅក្នុងកម្មវិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ។
លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានរាយការណ៍ពីទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់មន្ទីរ ដោយផ្តោតសំខាន់លើការពង្រឹងការអនុវត្ត «ក្រមបរិស្ថាន ធនធានធម្មជាតិ» និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។ ទិសដៅសំខាន់ៗរួមមាន៖
ពង្រឹងការល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើស ក្នុងតំបន់ការពារធម្មជាតិឱ្យបានទាន់ពេលវេលា។
ធ្វើបច្ចុប្បន្នភាពទិន្នន័យការកាប់ទន្ទ្រានដីព្រៃ និងចាត់វិធានការផ្លូវច្បាប់។
ពង្រឹងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងទីតាំងប្រភពបំពុល។
ផ្សព្វផ្សាយ និងជំរុញ ម្ចាស់គម្រោង និងអាជីវកម្មឱ្យចូលរួមធ្វើកិច្ចសន្យាការពារបរិស្ថាន ក៏ដូចជាផ្សព្វផ្សាយក្រមបរិស្ថានដល់សាធារណជន។
ថ្លែងបន្តក្នុងពិធីនោះ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់មន្ត្រីបរិស្ថានឱ្យយកចិត្តទុកដាក់លើការពង្រឹងការងារដូចខាងក្រោម៖
បង្កើតគំនិតថ្មី ក្នុងការគ្រប់គ្រងប្រព័ន្ធការងារប្រកបដោយកិច្ចសហការ និងគុណភាពខ្ពស់។
បង្កើនការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងក្រមបរិស្ថាន ធនធានធម្មជាតិ ជីវភាពសហគមន៍ និងព័ត៌មានបរិស្ថាន ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ឱ្យបានទូលំទូលាយ។
ជំរុញលើកទឹកចិត្ត ឱ្យមានប្រតិបត្តិករមេត្រីបរិស្ថានឱ្យបានច្រើន។
បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចបាននូវ ភាពស្អាត ភាពបៃតង និងចីរភាព ដែលជាគោលបំណងចម្បងនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។
ជំរុញការរៀបចំធ្វើបច្ចុប្បន្នភាព និងរក្សាទុកទិន្នន័យព័ត៌មានភូមិសាស្ត្រ ទាក់ទងនឹងធនធានព្រៃឈើ ជលផល និងទេសចរណ៍ធម្មជាតិ ដើម្បីចែករំលែកដល់អ្នកពាក់ព័ន្ធ។
ឯកឧត្តមបានសង្កត់ធ្ងន់ផងដែរលើការជំរុញការវិនិយោគបៃតង ការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធថាមពលស្អាត និងការគ្រប់គ្រងសំណល់រឹង រាវ ប្រកបដោយប្រសិទ្ធភាព។ដោយ អ៊ួង សុផាត

