ដោយ អ៊ួង សុផាត÷កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ១១:១១ នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ (Km) ១៤៣-១៤៤ ត្រង់ចំណុចភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូនិងសត្វគោ បណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់ និង ម្នាក់រងរបួសស្រាល។
អ្នកស្លាប់: ឈ្មោះ សឿ ម៉ុម ភេទប្រុស អាយុ ៦៦ឆ្នាំ មានមុខរបរជា សមាជិកក្រុមប្រឹក្សាឃុំចើងដើង រស់នៅភូមិពងទឹក ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ គាត់ជាអ្នកបើកបរម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ កំពង់ធំ 1I-0943។ អ្នកបើកបររូបនេះបានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
អ្នករងរបួសស្រាល: ឈ្មោះ កែវ សំអូន ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិត្រដែត ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាអ្នករួមដំណើរជាមួយអ្នកបើកបរម៉ូតូ។
ម្ចាស់គោ: ឈ្មោះ នុត អូក ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សត្វគោមួយក្បាលបានរងរបួសបាក់ជើង។
តាមការបំភ្លឺពីម្ចាស់គោ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដេញគោឆ្លងកាត់ផ្លូវពីទិសខាងលិចទៅកើត។ ស្របពេលនោះ ម៉ូតូដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុកសត្វគោពេញទំហឹង។
យោងតាមការត្រួតពិនិត្យ និងការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបរម៉ូតូ ដែលបានបើកបរក្នុង ល្បឿនលឿន ខ្ជីខ្ជា និងខ្វះការប្រុងប្រយ័ត្ន។
វត្ថុតាងដែលពាក់ព័ន្ធក្នុងហេតុការណ៍រួមមានម៉ូតូខូចខាតធ្ងន់ធ្ងរមួយគ្រឿង ត្រូវបានប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកសត្វគោទាំងពីរ (រួមទាំងគោរងរបួស) ត្រូវបានប្រគល់ជូនម្ចាស់ដើម ដើម្បីមើលថែបណ្តោះអាសន្ន។ដោយ អ៊ួង សុផាត
