ផ្ដល់ឧបករណ៍ឌីជីថលដល់ឃុំ/សង្កាត់ទាំង ៨១ ដើម្បីពង្រឹងការងារចុះបញ្ជីគាំពារសង្គម


ដោយ សឿង សុទ្ធ:​(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រគល់-ទទួលឧបករណ៍ចុះបញ្ជី សម្រាប់ប្រើប្រាស់ក្នុង “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ជូនដល់រដ្ឋបាលឃុំ/សង្កាត់ទាំង ៨១ ក្នុងខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅសាលប្រជុំប្រាសាទសំបូរព្រៃគុក នៃសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។
​ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានថ្លែងថា ប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយជាតិ គាំពារសង្គម ប្រកបដោយគណនេយ្យភាព តម្លាភាព និងអភិបាលកិច្ចល្អ។ ឯកឧត្តមសង្កត់ធ្ងន់ថា ប្រព័ន្ធឌីជីថលនេះនឹងជួយកាត់បន្ថយស្ទើរតែទាំងស្រុងនូវការបែកខ្ញែកនៃការគ្រប់គ្រងទិន្នន័យគាំពារសង្គមបែបវិមជ្ឈការ និងបានស្នើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ឱ្យប្រើប្រាស់ឧបករណ៍នេះឱ្យត្រូវគោលដៅ និងចេះថែទាំដើម្បីប្រសិទ្ធភាព និងភាពយូរអង្វែង។
​ជាមួយគ្នានោះដែរ ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្ត៖
​បន្តកិច្ចសហប្រតិបត្តិការ៖ ធានានូវភាពជោគជ័យក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ជាមួយនឹងឌីជីថលូបនីយកម្មពេញលេញ ដើម្បីបង្កើនប្រសិទ្ធិភាព និងពង្រីកវិសាលភាពបន្ថែមទៀតជាជំហានៗទៅទូទាំងប្រទេស។
​ប្រើប្រាស់ថ្នាលឌីជីថល៖ ត្រូវប្រើប្រាស់ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឱ្យបានពេញលេញ ដើម្បីបម្រើដល់ការចុះបញ្ជី និងកាត់បន្ថយបន្ទុកការងារមន្ត្រីមូលដ្ឋាន។ ត្រូវបន្តតាមដាន និងវាយតម្លៃការអនុវត្តដោយយកចិត្តទុកដាក់។
​ពង្រឹងសមត្ថភាព៖ លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថល ត្រូវបន្តពង្រឹងសមត្ថភាពថ្នាលនេះ ដោយសហការក្នុងការតភ្ជាប់ និងធ្វើសុខដុមនីយកម្មមុខងារចុះបញ្ជីទាំងអស់ ទាំងក្នុងកម្មវិធីជាតិជំនួយសង្គម និងក្នុងរបបសន្តិសុខសង្គម។
​បង្កើនប្រសិទ្ធភាពសេវា៖ លើកទឹកចិត្តដល់មន្ត្រីឃុំ/សង្កាត់ ត្រូវបន្តពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាគាំពារសង្គមដល់ពលរដ្ឋគោលដៅ ដោយប្រើប្រាស់ឧបករណ៍ចុះបញ្ជីឱ្យបានពេញលេញ និងផ្តល់មតិត្រឡប់ជាប្រចាំ។
​សូមបញ្ជាក់ថា ឧបករណ៍សម្ភារៈឌីជីថលដែលបានផ្តល់ជូនដល់ឃុំ/សង្កាត់ទាំង ៨១ នៃខេត្តកំពង់ធំ រួមមាន៖ កុំព្យូទ័រយួរដៃចំនួន ១ គ្រឿង, កាមេរ៉ាថតផ្ទៃមុខចំនួន ១ គ្រឿង, ម៉ាស៊ីនស្កែនខ្មៅដៃចំនួន ១ គ្រឿង, និងម៉ាស៊ីន Printer ចំនួន ១ គ្រឿង សម្រាប់ឃុំ/សង្កាត់នីមួយៗ។ដោយ សឿង សុទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *