កម្លាំងចម្រុះខេត្តកំពង់ធំ ដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន បំផ្លាញឡដុតធ្យូងខុសច្បាប់ចំនួន ៥ឡ នៅស្រុកសណ្ដាន់


​ដោយ សឿង សុទ្ធ :ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការទប់ស្កាត់បទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកងកម្លាំងអន្តរាគមន៍ចម្រុះ រួមមានអាជ្ញាធរដែនដី និងមន្ត្រីរដ្ឋបាលព្រៃឈើ ចុះទៅវាយកម្ទេចឡដុតធ្យូងខុសច្បាប់ចំនួនពីរទីតាំង ដែលមានឡសរុប ៥ឡ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
​សកម្មភាពនេះធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងក្រោមការដឹកនាំណែនាំផ្ទាល់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដើម្បីអនុវត្តវិធានការការពារធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព។
​ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា សកម្មភាពលួចកាប់បំផ្លាញព្រៃឈើ ដើម្បីដុតធ្យូងធ្វើអាជីវកម្មនៅតែបន្តកើតមាននៅក្នុងតំបន់មួយចំនួននៃស្រុកសណ្ដាន់ បើទោះបីជាកន្លងមក កងកម្លាំងជំនាញបានធ្វើការអប់រំ និងមានកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់រួចហើយក៏ដោយ។
​ជាក់ស្តែង នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នេះ កម្លាំងចម្រុះបានធ្វើប្រតិបត្តិការ និងវាយបំផ្លាញចោលឡដុតធ្យូងខុសច្បាប់សរុបចំនួន ៥ឡ ស្ថិតនៅក្នុងឃុំមានរិទ្ធ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ដែលជនល្មើសបានលួចកាប់ឈើចម្រុះដើម្បីដុតធ្វើធ្យូងលក់ជាលក្ខណៈអាជីវកម្មខុសច្បាប់។
​ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរដែនដីស្រុកសណ្ដាន់ និងមន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវសហការជាមួយកងកម្លាំងចម្រុះ៖
​បន្តធ្វើសកម្មភាពអប់រំ និង វាយកម្ទេចឡដុតធ្យូងខុសច្បាប់ ដែលនៅមានសេសសល់ឲ្យអស់ជាដាច់ខាត ដើម្បីទប់ស្កាត់ការកាប់ឈើដុតធ្យូងលក់បន្ត។
​ត្រូវរួមសហការជាមួយប្រជាពលរដ្ឋ ក្នុងការថែរក្សាព្រៃឈើ ដែលជាធនធានធម្មជាតិដ៏សំខាន់ ឲ្យនៅគង់វង្សសម្រាប់សង្គមជាតិទាំងមូល។ដោយ រឿង សុទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *