ដោយ កែវ ម៉េង:(កំពង់ធំ)៖ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានថ្លែងបញ្ជាក់ថា សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៥) ដែលប្រារព្ធធ្វើឡើងនៅក្នុងស្រុកសណ្តាន់ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន បុត្ត បានលើកឡើងអំពី «ស្មារតី២ធ្នូ» គឺជាថ្ងៃគម្រប់ខួបលើកទី៤៧ (២ធ្នូ ១៩៧៨-២ ធ្នូ ២០២៥) ទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស បានរួបរួមក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដើម្បីដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
ឯកឧត្តមបានបន្តថា៖
សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ។
ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ធានា និងពង្រឹងសន្តិភាព និងស្ថិរភាពសង្គម។
ព្រមជាមួយគ្នានេះ នៅក្នុងដំណើរការរក្សាសន្តិភាពរបស់ជាតិ ឯកឧត្តមបានលើកឡើងថា យើងគប្បីចងចាំថាសង្គ្រាម និងការបែកបាក់ជាតិ ដែលកើតមកពីការដឹកនាំមិនត្រឹមត្រូវរបស់អ្នកជំនាន់មុន និងការចូលជ្រៀតជ្រែកយ៉ាងខ្លាំងពីបរទេស បានបន្សល់ទុកបញ្ហាឱ្យអ្នកជំនាន់ក្រោយត្រូវតែដោះស្រាយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការដោះស្រាយនោះ ត្រូវជៀសវាងការយកសង្គ្រាមមកបញ្ចប់សង្គ្រាម។
បន្ទាប់មក ឯកឧត្តម អ៊ុន បុត្ត ក៏បានលើកឡើងអំពីសភាពការណ៍ព្រំដែន ជាពិសេស ផ្លែផ្កាជាវិជ្ជមានគួរជាទីមោទនៈនៃយុទ្ធសាស្ត្រ «ស្ងាត់តែមិននៅស្ងៀម» របស់សម្តេចមហាបវរធិបតី (សម្តេចធិបតី ហ៊ុន ម៉ាណែត)។ យុទ្ធសាស្ត្រនេះបាននាំកម្ពុជាឱ្យចៀសផុតនៅដំណាក់កាលនេះ ពីវិនាសកម្មដ៏ធំធេងដែលកើតចេញពីសមរភូមិសង្គ្រាមរវាងថៃ និងកម្ពុជា ដោយបានដឹកដៃភាគីថៃចូលក្នុងសមរភូមិការទូតដោយមានអន្តរជាតិដឹងលឺ និងសមរភូមិផ្លូវច្បាប់ ដែលនេះជាសមរភូមិល្អបំផុតដើម្បីធានាបាននូវការការពារបូរណភាពទឹកដីរបស់កម្ពុជា ដោយមិនមានការបង្ហូរឈាម។

