ក្រោមប្រធានបទ៖ “ឧត្តមភាពបច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន” ជាសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ប្រារព្ធនៅបន្ទាយមានជ័យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ៖ថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៥លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡានាបានចូលជាអធិបតី ក្នុងសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ៖ “ឧត្តមភាពបច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូទាំង១៤ អាជ្ញាធរមូលដ្ឋាន សាស្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ជាកិច្ចស្វាគមន៍ លោក ជា សឿន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិមានជ័យ បានធ្វើសេចក្តីរាយការណ៍សង្ខេបពីប្រវត្តិ ដំណើរការរីកម្រើន និងសារៈសំខាន់នៃសន្និសីទថ្នាក់ជាតិនេះ ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៤ មកដល់ពេលបច្ចុប្បន្ន។
សម្រាប់សន្និសីទលើកទី៩នេះ មានសាកលវិទ្យាល័យនិងវិទ្យាស្ថានចូលរួមចំនួន១៤ និងមានអត្ថបទស្រាវជ្រាវដែលនឹងត្រូវធ្វើបទបង្ហាញ ចំនួន៣២៤អត្ថបទ ទៅលើ១២ជំនាញ

ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន សូមបង្ហាញសេចក្ដីរីករាយដែលបានចូលរួមសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ នាពេលនេះ ដែលបាននិងកំពុងរៀបចំឡើងដោយសាកលវិទ្យាល័យជាតិមានជ័យ និងមានការចូលរួមពីសហគមន៍អ្នកស្រាវជ្រាវជាច្រើន ធ្វើឱ្យសន្និសីទនាពេលនេះ ក្លាយជាវេទិកាដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍ ការសិក្សាស្រាវជ្រាវ កិច្ចសហការនិងការច្នៃប្រឌិត។
និងសូមកោតសរសើរ វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិមានជ័យ សាស្ត្រាចារ្យនិងសហគមន៍អ្នកស្រាវជ្រាវទាំងអស់ ដែលបានខិតខំធ្វើកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ និងទទួលបាននូវលទ្ធផលជាបន្តបន្ទាប់ ជាពិសេសការផ្តល់ការបណ្តុះបណ្តាល ថ្នាក់ឧត្តមសិក្សាដល់និស្សិតនៅតំបន់ជាយដែន និងការប្រមូលផ្តុំអ្នកស្រាវជ្រាវ ដែលនៅពេលនេះមានរហូតដល់ទៅ៣២៤ អត្ថបទ លើសពីចំនួនដែលគ្រោងទុក ដែលផ្តោតលើ បច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជាពិសេសជូនចំពោះលោកអភិបាល និងអាជ្ញាធរនៃខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលឱ្យយើងទាំងអស់គ្នាអាចកសាង និងអភិវឌ្ឍប្រទេសជាតិ រួមទាំងការវិនិយោគលើវិស័យអប់រំ និងស្រាវជ្រាវនាពេលនេះ។

វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ហើយគោលដៅរបស់យើងគឺប្រែក្លាយកសិកម្មប្រពៃណី ទៅជា «កសិកម្មវៃឆ្លាត» ដែលមានផលិតភាពខ្ពស់ និងភាពម្ចាស់ការ ដែលទាមទារនូវការ៖
– ពង្រីកដីដាំដុះ តាមរយៈការកែច្នៃចម្ការមីនទៅជាដីកសិកម្មប្រកបដោយសុវត្ថិភាព។
– បង្កើនទិន្នផល និងគុណភាព តាមរយៈការផលិតពូជស្រូវដែលផ្តល់គុណភាពខ្ពស់ និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។
– ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការប្រើប្រាស់ Drone សម្រាប់តាមដានស្ថានភាពដី និងការអនុវត្តកសិកម្មសុក្រិត។
បន្ថែមលើនេះ ខ្ញុំសូមជាផ្តល់អនុសាសន៍មួយចំនួនដល់ សាកលវិទ្យាល័យក្រចេះ ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានរៀបចំសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី១០ នាពេលខាងមុខ។ ដើម្បីធានាបាននូវភាពជោគជ័យបន្តបន្ទាប់ និងឆ្លើយតបទៅនឹងភាពចាំបាច់ក្នុងការអភិវឌ្ឍតំបន់ រួមមាន៖
– ការកំណត់ប្រធានបទផ្តោតលើសក្តានុពលតំបន់
– បង្កើនការចូលរួមពីតំបន់អាស៊ាន
– ពង្រឹងគណៈកម្មការវិទ្យាសាស្ត្រ និងការត្រួតពិនិត្យគុណភាព
– ការរៀបចំវគ្គបណ្តុះបណ្តាលមុនសន្និសីទ
– ភាពជាដៃគូជាមួយវិស័យឯកជន
– ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
– ជំរុញវប្បធម៌អេកូឡូស៊ី និងទេសចរណ៍
– ការបោះពុម្ពផ្សាយជាអន្តរជាតិ ៕

Leave a Reply

Your email address will not be published. Required fields are marked *