ខេត្តបន្ទាយមានជ័យ ប្រកាសទទួលស្គាល់សមាសភាពអាចារ្យខ្មែរខេត្ត ក្រុង-ស្រុកដើម្បីលើកកម្ពស់ ពង្រឹងវិស័យធម្មការនិងសាសនា

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាសប្តាហ៍នេះ ខែធ្នូឆ្នាំ២០២៥ លោក ប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំរាត្រីអភិបាលខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពអាចារ្យខ្មែរខេត្តស្រុកក្រុងទូទាំងខេត្ត ដោយមានការចូលរួមពី អាចារ្យអាចារិនី មកពី៩ស្រុកក្រុង ចំនួន ២៦០នាក់។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា : ពិធីប្រកាសទទួលស្គាល់សមាសសភាពចាស់ខ្មែរខេត្តស្រុកក្រុង ទូទាំងខេត្តបានកើត ឡើងតាមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា ហើយកិច្ចការនេះក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់នឹងទទួលបានការចង្អុលបង្ហាញបន្ថែមពីសម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាល អាចារ្យអាចារិនី ទូទាំងប្រទេសលើកទី ៩ កន្លងមក ។

បន្ទាប់ពីទទួលបានការដឹកនាំផ្ទាល់ របស់លោក ចាយបូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានណែនាំដល់ថ្នាក់ដឹកនាំក្រសួងនិងអង្គភាពជំនាញក្រោមឱវាទ។
ដោយចង្អុលបង្ហាញនិងប្រគល់ភារកិច្ចជូនមកមន្ទីរធម្មការនិងសាសនារាជធានីខេត្តដើម្បីបានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាព អាចារ្យ ខ្មែរកម្រិតថ្នាក់ខេត្តក្នុងឱកាសនេះ។
ម្យ៉ាងទៀតការប្រកាសទទួលស្គាល់នេះថ្ងៃនេះពុំមែនគ្រាន់តែប្រកាសឲ្យបានតែប៉ុណ្ណោះទេ គឺជាមូលដ្ឋាន ធ្វើឲ្យមានភាពច្បាស់លាស់ក្នុងការទំនាក់ទំនងនិងភាពទទួលខុសត្រូវ របស់សមាជិកសមាជិកាម្នាក់ៗផងដែរ។

លោក អ៊ុំរាត្រី បានមានប្រសាសន៍កោតសរសើរចំពោះមន្ទីរធម្មការនិងសាសនា ក្នុងការរៀបចំប្រកាសទទួលស្គាល់សមាសភាពអាចារ្យអាចារិនីក្នុងពេលនេះបញ្ជាក់ឲ្យឃើញពីភាពស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវ។
ព្រោះថា អាចារ្យអាចារិនីគឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការលើកកម្ពស់បន្តថែរក្សាការពារប្រពៃណីទំនៀមទម្លាប់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ ឋិតថេរគង់វង្ស៕

Leave a Reply

Your email address will not be published. Required fields are marked *