​លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ជំរុញមន្ត្រី និងកងកម្លាំងទាំងបី ឲ្យពង្រឹងគុណភាពសេវា និងការងាររក្សាសន្តិសុខមូលដ្ឋាន


ដោយ កែវ ម៉េង​(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្ត និងជំរុញដល់សហការី មន្ត្រីក្រោមឱវាទ និងកងកម្លាំងទាំងបី ឲ្យបន្តខិតខំពង្រឹង គុណភាព ប្រសិទ្ធភាពការងារ ក្នុងការផ្ដល់សេវាសាធារណៈ ក៏ដូចជារក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
​ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសដែល លោក និងលោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ កងកម្លាំងទាំងបី ព្រមទាំងប្រជាពលរដ្ឋងាយរងហានិភ័យ កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅអគាររដ្ឋបាលស្រុកស្ទោង។
​លោកអភិបាលស្រុកបានបន្ថែមថា ក្នុងនាមជាមន្ត្រីរាជការ ត្រូវតែជា អ្នកបម្រើ និងជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋដោយស្មោះត្រង់អស់ពីចិត្ត ដែលទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និងជាអ្នកដែលនៅជិតស្និទ្ធបំផុតជាមួយប្រជាពលរដ្ឋ។ លោកក៏បានកោតសរសើរខ្ពស់ចំពោះការលះបង់កម្លាំងកាយចិត្ត និងការបំពេញតួនាទីភារកិច្ចរបស់សហការី និងកងកម្លាំងទាំងបី ប្រកបដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងមានទំនួលខុសត្រូវខ្ពស់កន្លងមក។
​ក្នុងឱកាសនោះ មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកស្ទោង និងកងកម្លាំងទាំងបី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុក ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ក៏ដូចជាលើកទឹកចិត្តដល់ពួកគាត់ក្នុងការអនុវត្តកិច្ចការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។
​សូមបញ្ជាក់ថា នៅក្នុងជំនួបសំណេះសំណាលនេះ លោកអភិបាលស្រុកស្ទោង បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួន ដល់មន្ត្រីរាជការចំនួន ៦៨នាក់ ប្រជាពលរដ្ឋងាយរងហានិភ័យ ៣គ្រួសារ និងអង្គភាពកងកម្លាំងទាំងបីផងដែរ។ដោយ កែវ ម៉េង

Leave a Reply

Your email address will not be published. Required fields are marked *