ដោយ : ភ្នំធំ / សៀមរាប :កាលពីវេលាម៉ោង១៥:០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្ត សៀមរាប បានទទួល បណ្ដឹង ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍សង្ស័យថាមានអ្នកលួចអាឈើដោយខុសច្បាប់ នៅចំណុចភូមិទទឹងថ្ងៃ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
បន្ទាប់ពី ទទួលបានព័ត៌មាននេះភ្លាម កម្លាំង ជំនាញ អាវុធហត្ថខេត្ត និងកម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកជីក្រែង សហការ ជាមួយ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះមកដល់ទីតាំងបានឃើញជនសង្ស័យ០២នាក់ (ជាអ្នកអារឈើ) ដែលកំពុងប្រព្រឹត្តបទល្មើសអាឈើពិតប្រាកដមែន។
បន្ទាប់មកលុះដល់ម៉ោង១៨:០០នាទី ថ្ងៃខែឆ្នាំដ៏ដែល បន្តឃាត់ ខ្លួន ជនសង្ស័យ ០១នាក់ទៀត (ជាអ្នកទិញឈើ) ជនសង្ស័យ ទាំង០៣នាក់ មានទីលំនៅ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
វត្ថុតាងដកហូតរួមមាន៖ ម៉ាសុីនអាឈើ ០២គ្រឿង,ម៉ាសុីនរ៉ៃចល័ត ០១គ្រឿង ,គោយន្តកន្រ្តៃ ០១គ្រឿង, ប្រភេទឈើយ៊ាង និងប្រភេទឈើឃ្លុំ សរុបចំនួន ៥,៨០៥ ម៉ែត្រគូប។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំង កងរាជអាវុធហត្ថ បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដើម្បីអនុវត្តនិតិវិធីបន្ត៕
