កំពង់ធំ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តកំពង់ធំ បានបន្តអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» នៅទីប្រជុំជនស្រុកបារាយណ៍ និងអនុវិទ្យាល័យឈូកខ្សាច់។
សកម្មភាពដង្ហែក្បួន និងផ្សព្វផ្សាយនេះ មានការចូលរួមពីលោក ហាត ទៀងបូរិទ្ធ អភិបាលរងស្រុកបារាយណ៍, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ, រដ្ឋបាលឃុំ, ក្រុមយុវជន, សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើន។
លោក ហាត ទៀងបូរិទ្ធ បានថ្លែងថា អាជ្ញាធរស្រុកនឹងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងរួមគ្នាទប់ស្កាត់ការរីករាលដាលរបស់វា។
បន្ទាប់ពីក្បួនដង្ហែបញ្ចប់នៅទីប្រជុំជនស្រុក លោក ប៉ាត ពណ្ណរាយ អនុប្រធានមន្ទីរព័ត៌មានខេត្ត តំណាងលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបន្តសកម្មភាពផ្សព្វផ្សាយនៅអនុវិទ្យាល័យឈូកខ្សាច់ ដោយផ្តោតលើវិធីសម្គាល់ និងពិនិត្យព័ត៌មានក្លែងក្លាយ។
លោក ប៉ាត ពណ្ណរាយ បានណែនាំឱ្យប្រជាពលរដ្ឋក្លាយជា «ពលរដ្ឋឌីជីថលល្អ» ដែលប្រើប្រាស់បណ្តាញសង្គមដោយទទួលខុសត្រូវ និងចេះបែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។
ឯកឧត្តម ងួន ពិសិដ្ឋ នាយកអនុវិទ្យាល័យឈូកខ្សាច់ បានថ្លែងគាំទ្រយុទ្ធនាការនេះយ៉ាងពេញទំហឹង និងចាត់ទុកថា វាមានសារៈសំខាន់ខ្លាំងក្នុងការជួយឱ្យសិស្ស និងប្រជាពលរដ្ឋក្លាយជាពលរដ្ឋវ័យឆ្លាត មិនងាយជឿតាមព័ត៌មានក្លែងក្លាយ។
គួរជម្រាបថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជាគំនិតផ្តួចផ្តើមរបស់ក្រសួងព័ត៌មាន ដែលឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់អនុវត្តទូទាំងប្រទេស។ នៅខេត្តកំពង់ធំ យុទ្ធនាការនេះត្រូវបានអនុវត្តខ្លាំងក្លាពេញមួយខែវិច្ឆិកា ឆ្នាំ២០២៥។

