ដោយ : ភ្នំធំ / ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនាយប់ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៥.បានដាក់បទបញ្ជាបន្ទាន់មួយដល់កម្លាំងជំនាញឲ្យស្រាវជ្រាវតាមស្វែងរកបន្ទាន់យកមកសួរនាំនូវជនស៊ីវិល០២នាក់( អង្គរក្សឯកជន) ដែលកាងជិះម៉ូតូស្ទាក់កាក់រថយន្តពលរដ្ឋ បង្កភាពភ័យខ្លាចលើដងផ្លូវសាធារណៈ ។
នេះបើតាមលោកឧត្តមសេនីយ៍ស្នងការបានបង្ហោះលើគណនីហ្វេសប៊ុករបស់លោកឲ្យដឹងថា : ” ខ្ញុំបាទបានឃើញរូបភាពនិងសកម្មភាពបែបនេះ ពិតជាមិនអាចទទួលយកបានទេ។ ខ្ញុំបានដាក់បទបញ្ជាឱ្យជំនាញកោះហៅមកសួរនាំអំពីសកម្មភាពតាមដងផ្លូវសាធារណៈបែបនេះ ( សូមកុំធ្វើទង្វើលឲមានការភ័យខ្លាចដល់អ្នកធ្វើដំណើរ ) ” ។
សូមបញ្ជាក់ថា បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកជួន ណារិន ធ្វើឡើងបន្ទាប់ពី មានការបង្ហោះចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម អំពីសកម្មភាព របស់បុរស០២នាក់ ដែលបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមឌុបគ្នា ហើយជិះទៅកាក់ស្ទាក់ពីមុខរថយន្តពលរដ្ឋអ្នកដំណើរ និងប្រើពាក្យសំដីថ្លោសៗសម្លុតគំរាមលើអ្នកបើកបររថយន្តបង្កឲ្យមានការភិតភ័យខ្លាច ។
ផ្អែកតាមវីឌីអូដែលបានបែកធ្លាយ អាចបញ្ជាក់បានថា : ជនស៊ីវិលទាំង០២ កំពុងព្យាយាមការពារមេកើយរបស់ខ្លួន តាមរយៈការមិនឲ្យយានយន្តដទៃដែលកំពុងធ្វើដំណើរលើដងផ្លូវ អាចចូលទៅក្បែររថយន្តមេកើយរបស់ខ្លួន ដែលជារថយន្តស៊េរីទំនើបមួយគ្រឿងកំពុងធ្វើដំណើរស្របពេលជាមួយគ្នានោះ ៕

