ព្យុះភ្លៀងបង្កទឹកជំនន់ហេមន្តរដូវដ៏អាក្រក់លើខេត្ត៧ នាភាគខាងត្បូងថៃ

 

ដោយ : ភ្នំធំ / ថៃ -ភាគខាងត្បូង :យោងតាមការផ្សាយរបស់កាសែតក្នុងស្រុកខាងស៊ុត( Khaosod) នៅថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ ថា ព្យុះភ្លៀងនៅខេត្តប៉ាថាលុង Phatthalung, សុងខ្លា Songkhla, ប៉ាតានី Pattani, យ៉ាឡាYala, ណារ៉ាធីវ៉ាត់ Narathiwat, ត្រាងTrang និងស៊ុធុន Satun នឹងបង្កទុក្ខលំបាកដល់ពលរដ្ឋបន្ថែមពីលើភាពវេទនាដោយទឹកជំនន់ ដែលសាហាវមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត៣០០ឆ្នាំ។

យោងកាសែតនានាផ្សាយថា ព្យុះនេះកើតឡើង ស្របពេលក្រុមជួយសង្គ្រោះបានរកឃើញមនុស្សស្លាប់ចំនួន១៣នាក់ហើយ ប៉ុន្តែបារម្ភថា តួលេខនឹងបន្តកើនឡើងព្រោះនៅមានមនុស្សច្រើននាក់ទៀត កំពុងបាត់ខ្លួន។ ករណីស្លាប់ភាគច្រើន កើតចេញពីការឆក់ចរន្តអគ្គិសនីនិងគ្រោះថ្នាក់ដែលទាក់ទងនឹងទឹកជំនន់។

ទីក្រុងហាតយ៉ៃ Hat Yai នៃខេត្តសុងខ្លា Songkhla ជាកន្លែងប៉ះពាល់ខ្លាំងជាងគេ ដោយទីនោះទឹកជំនន់បានលិចដល់ជាន់ទីមួយនៃអគារ បង្ខំឲ្យអ្នកខ្លះដេកលើដំបូលផ្ទះរង់ចាំការសង្គ្រោះ រីឯអ្នកខ្លះទៀតត្រូវតោងបង្គោលភ្លើងស្តុបនិងខ្សែភ្លើងដើម្បីគេចពីសេចក្តីស្លាប់។
ក្រៅពីមនុស្សស្លាប់, ប្រជាជនជិត ២លាននាក់ទៀតបានរងផលប៉ះពាល់រីឯរាប់ម៉ឺននាក់ត្រូវជម្លៀស នៅខេត្តចំនួន ១០ បន្ទាប់ពីភ្លៀងមូសុងបានធ្លាក់ចុះយ៉ាងគំហុកអស់ជាច្រើនថ្ងៃ។

អាជ្ញាធរ សមត្ថកិច្ចរបស់រដ្ឋាភិបាលក្នុងតំបន់បានប្រកាសស្រុកទាំង១៦នៅក្នុងខេត្ត Songkhla ថាជាតំបន់គ្រោះមហន្តរាយ។
ទឹកជំនន់បានលិចលង់ផ្ទះសម្បែង តំបន់ពាណិជ្ជកម្ម និងផ្លូវសំខាន់ៗ។ ក្រុម រថយន្តដឹកទំនិញ និងរថយន្តក្រុងយ៉ាងវែង បានតម្រង់ជួរតាមបណ្តោយផ្លូវដែលអាចធ្វើដំណើរបាន។
ស្រុកណាថាវី Na Thawi ក្នុងខេត្ត Songkhla នៅតែជាតំបន់រងគ្រោះខ្លាំងបំផុត ដោយឃុំទាំង១០ និងភូមិចំនួន៩២ ត្រូវទឹកជន់លិច ប៉ះពាល់ដល់ពលរដ្ឋ ជាង ១៥ ០០០ គ្រួសារ និងមនុស្សជាង ៥០ ០០០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *