ដោយ : ភ្នំធំ / បាងកក៖ .កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ សារព័ត៌មានថៃដែលផ្សាយជាភាសាអង់គ្លេស Khaosod English បានចុះផ្សាយអត្ថបទវិចារណកថាមួយដែលមានចំណងជើងថា “កំណត់ត្រារបស់អ្នកកាសែតថៃម្នាក់ ជុំវិញជម្លោះថៃ-កម្ពុជាដែលកំពុងបន្ត”។
អត្ថបទនេះបានបង្ហាញពីទស្សនៈរិះគន់យ៉ាងចំៗទៅលើប្រព័ន្ធផ្សព្វផ្សាយថៃបច្ចុប្បន្ន ដែលកំពុងដើរតួនាទីដុតបញ្ឆេះកំហឹងជាតិនិយម និងបោះបង់ចោលវិជ្ជាជីវៈសារព័ត៌មាន ដើម្បីតែការពារមុខមាត់របស់ប្រទេសខ្លួន។
នេះបើយោងប្រភព៖ Khaosod English ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។
នៅក្នុងអត្ថបទនោះ អ្នកនិពន្ធបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយថៃជាច្រើនបានប្រែក្លាយខ្លួនពីស្ថាប័នឯករាជ្យ ទៅជាផ្នែកមួយនៃ “ក្រុមថៃ” (Team Thailand)។ ក្រោមលេសថា “ស្រលាញ់ជាតិ” ពួកគេបានស្ម័គ្រចិត្តបិទបាំង ឬផ្សាយយ៉ាងតិចតួចបំផុតនូវព័ត៌មានណាដែលឆ្លុះបញ្ចាំងពីចំណុចអវិជ្ជមានរបស់ភាគីថៃ ដោយជ្រើសរើសផ្សាយតែព័ត៌មានដែលពួកគេយល់ថាមានប្រយោជន៍សម្រាប់ប្រទេសខ្លួនប៉ុណ្ណោះ។
ជាឧទាហរណ៍ជាក់ស្តែង អ្នកនិពន្ធបានលើកយកករណីស្ត្រីកម្ពុជាម្នាក់ដែលបានឆ្លងដែនខុសច្បាប់ និងបានចោទប្រកាន់ថាត្រូវបានទាហានថៃចំនួន ៧ នាក់ចាប់រំលោភ។
ករណីដ៏រសើបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃធ្វើការផ្សាយយ៉ាងលាក់លៀម និងមិនយកចិត្តទុកដាក់ បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសបដិសេធ និងចាត់ទុកថាជា “ព័ត៌មានក្លែងក្លាយ”។
លើសពីនេះ អត្ថបទដដែលបានគូសបញ្ជាក់ពីគ្រោះថ្នាក់នៃ “លទ្ធិជាតិនិយមជ្រុល” (Ultra-nationalism) ដែលកំពុងគ្របដណ្តប់លើសង្គម។
មានវោហារសាស្ត្រសង្គ្រាមត្រូវបានលើកឡើងថា ថៃត្រូវតែយកឈ្នះកម្ពុជាឱ្យបានដាច់ស្រេចនិងឆាប់រហ័ស ដើម្បីបញ្ចប់ជម្លោះ។ ទន្ទឹមនឹងនោះ ក៏មានសេចក្តីរាយការណ៍ថា ភាគីកម្ពុជាមិនបាននៅស្ងៀមនោះទេ ដោយកំពុងមានការនាំចូលអាវុធថ្មីៗពីប្រទេសមួយចំនួននៅអឺរ៉ុបផងដែរ។
អ្នកកាសែតរូបនេះក៏បានលាតត្រដាងពីបទពិសោធន៍ផ្ទាល់ខ្លួនថា ដោយសារតែការព្យាយាមនិយាយការពិត ឬមានទស្សនៈខុសប្លែក រូបគាត់ត្រូវបានគេចោទប្រកាន់ថាជា “អ្នកកាសែតថៃដែលមានបេះដូងខ្មែរ”។ លោកបានព្រមានថា ការបង្កើតវប្បធម៌ស្អប់ខ្ពើម និងការបែងចែក “បក្សពួក” បែបនេះ ធ្លាប់បានបង្កឱ្យមានសោកនាដកម្មដ៏សាហាវឃោរឃៅក្នុងប្រវត្តិសាស្ត្រថៃរួចមកហើយ។
ជាចុងក្រោយ អត្ថបទវិចារណកថានេះបានសន្និដ្ឋានថា ប្រព័ន្ធផ្សព្វផ្សាយដែលគិតតែពីការពារជាតិដោយងងឹតងងុល មិនមែនកំពុងបម្រើជាតិទេ ប៉ុន្តែពួកគេកំពុងបង្កើត “សង្គមដែលខ្វះការត្រិះរិះពិចារណា” ហើយសង្គមបែបនេះនឹងក្លាយជាសង្គមដែលងាយរងគ្រោះបំផុតនៅពេលអនាគត៕
