ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ បង្ក្រាបនេសាទខុសច្បាប់ បំផ្លាញសាច់អួន-ក្រឡាញឹកជាង ៦០០ម៉ែត្រ និងចាក់លែងត្រី១៥គីឡូក្រាម

កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ជើងភ្នំជីមូស ជាប់មាត់បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំចំណាក្រោម (ស្រុកស្ទោង) និងឃុំកំពង់គោ (ស្រុកកំពង់ស្វាយ) ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងតាមព័ត៌មានពីប្រជាពលរដ្ឋ ភ្នាក់ងារសម្ងាត់ និងបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ កងកម្លាំងអន្តរាគមន៍នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយមន្ត្រីជលផលខេត្ត និងកងទ័ពជើងទឹកវាយលុកគោកប្រចាំការតំបន់ភ្នំជីមូស បានបើកការវាយលុក និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើនកន្លែង។
បំផ្លាញសាច់អួន ក្រឡាញឹក និងរបាំងលើសប្រវែងកំណត់ សរុបជាង ៦០០ម៉ែត្រ
ចាក់លែងត្រីចម្រុះជាង ១៥គីឡូក្រាម
បំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានស្នើឱ្យមន្ត្រីជលផលស្រាវជ្រាវ កំណត់មុខសញ្ញាជនល្មើសដែលនៅតែបន្តប្រព្រឹត្តឱ្យខានតែបាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ជាចុងក្រោយ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមផ្តល់ព័ត៌មានឱ្យកងកម្លាំងជំនាញទាន់ពេលវេលា ដើម្បីបង្ក្រាបបានទាន់ពេល និងមានប្រសិទ្ធភាព សំដៅការពារមច្ឆាជាតិឱ្យមានសម្បូរឡើងវិញ ជាប្រយោជន៍រួមដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។

Leave a Reply

Your email address will not be published. Required fields are marked *