អ្នកបាត់ដំបង សៀមរាប [បន្ទាយមានជ័យឧត្តរមានជ័យ ព្រះវិហារ ] : ថ្ងៃទី១៧ ខែវិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្រ្តសំខាន់មួយគួរឲ្យចងចាំទុក

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :សម្រាប់អ្នកខេត្តបាត់ដំបង សៀមរាប [ ដែលរូមទាំងភូមិសាស្ត្របន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ( ម្លូព្រៃនិងទន្លេរពៅ) ] ថ្ងៃទី១៧ ខែវិច្ឆិកាកន្លងមក គឺជាថ្ងៃប្រវត្តិសាស្រ្តសំខាន់មួយគួរឲ្យចងចាំទុកព្រោះជាថ្ងៃដែលដែនដីខេត្តទាំនេះត្រូវបានប្រគល់មកឲ្យកម្ពុជាវិញ(កាលនោះស្ថិតក្រោមអាណាព្យាបាលបារាំង)ពីសំណាក់រាជការសៀម។
គឺតាមរយៈសន្ធិសញ្ញាកិច្ចព្រមព្រៀងក្រុងវ៉ាស៊ីនតោនរវាងប្រទេសបារាំង និងប្រទេសសៀម ដែលមានឈ្មោះពេញថា “Franco-Thai Settlement Agreement” ដែលបានចុះហត្ថលេខានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ។
នេះបើតាមសំណេរសិក្សាស្រាវជ្រាវ ក្នុងនោះមានជារបស់លោកម៉ៅ វុត្ថា ( Mao Vutha) ផងដែរកាលពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ ។

កាលណានិយាយអំពីប្រវត្តិសាស្រ្តខេត្តបាត់ដំបង សៀមរាប និងប្រទេសសៀមមានថ្ងៃដែលគួរ ឲ្យចងចាំចំនួនពីរគឺ
១-ថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ សន្ធិសញ្ញាបារាំងសៀម
២-ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦ កិច្ចព្រមព្រៀងបារាំងថៃ

គួររម្លឹកផងដែរថា កាលនៅក្នុងសម័យសង្រ្គាមលោកលើកទី២ កងទ័ពចក្រភពជប៉ុនបានបើក ការវាយលុកដ៏រហ័ស ហើយវាតទីបានស្ទើរតែទាំងអស់លើតំបន់អាស៊ីអាគ្នេយ៍ ដោយដណ្តើម បានទឹកដីពីមហាអំណាចអឺរ៉ុប (អង់គ្លេស បារាំង ហូឡង់) និងសហរដ្ឋអាមេរិក។
ជប៉ុនមានបំណងបង្កើត” មណ្ឌលវិបុលភាពរួមដ៏ធំនៅអាស៊ីបូព៌ា” (Greater East Asia Co-Prosperity Sphere) និងធានាបាននូវការផ្គត់ផ្គង់ប្រេង និងធនធានធម្មជាតិសម្រាប់កិច្ចខិតខំ ប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួន។
នៅប្រមាណឆ្នាំ១៩៤០ បារាំងបានធ្លាក់ដៃក្រោមកងទ័ពណាហ្សីរបស់ អាល្លឺម៉ង់ ហើយរដ្ឋាភិបាលរបស់ខ្លួននៅតំបន់ឥណ្ឌូចិនក៏ចុះទន់ខ្សោយយ៉ាងខ្លាំងផងដែរ។

ឃើញឱកាសល្អបែបនេះ រដ្ឋាភិបាលសៀមដែលដឹកនាំដោយពួកយោធានិយមប្រកាន់គំនិតជាតិ និយមជ្រុល និងដែលបានគុំនឹងបារាំងស្រាប់នោះក៏បានចងសម្ព័ន្ធភាពជាមួយនឹងជប៉ុន ក្នុងឆ្នាំ ១៩៤១ ដើម្បីឲ្យជប៉ុនជួយអន្តរាគមន៍ខ្លួនទាមទារយកដែនដីទាំងប៉ុន្មានដែលខ្លួនធ្លាប់គ្រប់គ្រង មុនឆ្នាំ១៩០៧យកពីបារាំងមកវិញ។

ជាលទ្ធផលកាលនោះជប៉ុនបានបង្ខំឲ្យបារាំងចុះ អនុសញ្ញាទីក្រុងតូក្យូ (Tokyo Convention) ឆ្នាំ១៩៤១ ដោយបានយល់ព្រមប្រគល់ទឹកដី បាត់ដំបង សៀមរាប រួម និងលាវទៅឲ្យភាគី សៀមវិញ។ តំណាងភាគីសៀមដែលមកទទួលការប្រគល់ដែនដី និងអ្នកបង្ហូតទង់ជាតិសៀមនៅក្នុងខេត្ត បាត់ដំបង គឺលោកឃួង អភ័យវង្ស កូនប្រុសរបស់លោកម្ចាស់បស្ចឹមកថាថនឈុំ។ នៅពេលសង្រ្គាមលោកលើកទី២បានបញ្ចប់ដោយបរាជ័យរបស់ជប៉ុន ប៉ុន្តែសៀមនៅតែរារែក មិនព្រមប្រគល់ដែនដីទាំងនោះមកបារាំងវិញទេដោយយកលេសជាច្រើនជំពូកតាមសន្តាន របស់សៀម។

សៀមកាលនោះបានស្នើសុំចូលជាសមាជិករបស់អង្គការសហប្រជាជាតិដែល ទើបបង្កើតថ្មីៗនោះ តែមិនបានសម្រេចនោះទេដោយសារតែបារាំងដែលជាសមាជិកអចិន្រ្តែយ៍នៃក្រុមប្រឹក្សាសន្តិសុខនោះបានប្រើសិទ្ធិវេតូជំទាស់បេក្ខភាពរបស់សៀម។

ដើម្បីដោះស្រាយបញ្ហានេះ សហរដ្ឋអាម៉េរិកក៏បានផ្តួចផ្តើមសន្ធិសញ្ញាថ្មីរវាងបារាំងសៀមក្នុងគោលបំណងដោះស្រាយផលវិបាកនៃសង្គ្រាមបារាំង-ថៃ (១៩៤០-១៩៤១) និងលុបចោល អនុសញ្ញាទីក្រុងតូក្យូ ឆ្នាំ១៩៤១ មុននោះដែលសៀមក្រោមការគាំទ្ររបស់ជប៉ុន បានកាន់កាប់ ទឹកដីពីឥណ្ឌូចិនរបស់បារាំង។
ជាលទ្ធផល កិច្ចព្រមព្រៀងដំណោះស្រាយបារាំង-សៀម ត្រូវបានចុះហត្ថលេខានៅទីក្រុង វ៉ាស៊ីនតោននាថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ១៩៤៦។
ហើយភាគីសៀមបានយល់ព្រមប្រគល់ទឹកដីខ្មែរនិងលាវទាំងអស់នោះត្រឡប់ទៅឲ្យបារាំងវិញដើម្បីជាថ្នូរនឹងការបានចូលជាសមាជិកអង្គការសហប្រជាជាតិ ៕

Leave a Reply

Your email address will not be published. Required fields are marked *