អភិបាលស្រុកស្ទោង ជំរុញគ្រប់ភាគីពាក់ព័ន្ធ សហការជំរុញបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ

 

(កំពង់ធំ) ÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធសហការគ្នាជំរុញការតភ្ជាប់បណ្ដាញទឹកស្អាតឱ្យបានគ្រប់ខ្នងផ្ទះក្នុងស្រុក។ លោកបានថ្លែងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ក្រោមកិច្ចសហការជាមួយអង្គការ World Vision ប្រចាំស្រុកស្ទោង ដែលប្រព្រឹត្តទៅនៅសាលស្រុកស្ទោង ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកអភិបាលស្រុក បានសង្កត់ធ្ងន់ថា អង្គការ World Vision ជាដៃគូអភិវឌ្ឍដ៏មានសក្តានុពលបំផុតមួយក្នុងចំណោមដៃគូជាច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋស្រុកស្ទោងលើវិស័យជាច្រើន រួមមាន អប់រំ សុខភាព អនាម័យ កសិកម្ម និងទឹកស្អាត។ សកម្មភាពទាំងនេះស្របទិសដៅនៃយុទ្ធសាស្ត្ររាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តអាជ្ញាធរឃុំទាំងអស់ឱ្យបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយអង្គការ World Vision ដៃគូអភិវឌ្ឍនានា និងរដ្ឋាករទឹកស្វយ័តតាំងក្រសាំង ដើម្បីពន្លឿនការតភ្ជាប់បណ្ដាញទឹកស្អាតជូនប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារមានប័ណ្ណសមធម៌ឱ្យបានគ្រប់ៗគ្នា។
នៅចុងបញ្ចប់ លោក សាយ គឹមឡម បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្រី ចាន់ សុផល និងសហការី តំណាងអង្គការ World Vision ព្រមទាំងប្រជាជន និងថ្នាក់ដឹកនាំម៉ាឡេស៊ី ដែលជាអ្នកឧបត្ថម្ភមូលនិធិយ៉ាងច្រើនលើសលប់ ព្រោងតែងតែផ្តល់ជំនួយមនុស្សធម៌ និងសម្ភារចាំបាច់ជូនរដ្ឋបាលស្រុកស្ទោងសម្រាប់ជួយប្រជាពលរដ្ឋងាយរងគ្រោះ។
សូមបញ្ជាក់ថា ក្នុងឱកាសសិក្ខាសាលានេះ ក៏មានពិធីប្រគល់-ទទួលសម្ភារជំនួយមួយចំនួនធំផងដែរ រួមមាន៖
មី ១០០ កេស
ទឹកស៊ីអ៊ីវ ១០០ កេស
ប្រេងឆា ១០០ ដប
ត្រីខ ១០០ យួរ

Leave a Reply

Your email address will not be published. Required fields are marked *