(កំពង់ធំ) ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ លោក សួន សុខខេង បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអសន្នជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា អាយុ១៩ឆ្នាំ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីបទ «ឃាតកម្មគិតទុកជាមុន, ប៉ះពាល់បូរណភាពសាកសព និងលួច»។
ជនសង្ស័យត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា អាយុ២២ឆ្នាំ ប្រព្រឹត្តនៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានមកទារប្រាក់ពីម្តាយជនសង្ស័យ។ ដោយម្តាយមិននៅផ្ទះ ជនសង្ស័យក៏លួងលោមឱ្យជនរងគ្រោះចូលផ្ទះ រួចចាប់ខ្ទប់មុខ វាយសម្លាប់ រំលោភលើសាកសព និងយកទៅកប់នៅដីក្បែរផ្ទះ។
ក្រោយពីទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងខេត្តប៉ៃលិន បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើភ្នំទ្រប់ សង្កាត់អូតាវៅ ក្រុងប៉ៃលិន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ រងចាំនីតិវិធីបន្ត៕

