ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាង ២០០គ្រួសារ មកពីភូមិបន្លង់មេត្រី និងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី បានមកប្រមូលផ្តុំគ្នា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមុខខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីស្នើសុំអនុញ្ញាតឱ្យធ្វើការនេសាទនៅចំណុចអូរប្រឡាយអិនតាពេជ្រ ក្នុងរដូវធ្វើប្រហុកផ្អកប្រចាំឆ្នាំ។
តំណាងប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់ចង់បានការអនុញ្ញាតឱ្យនេសាទត្រីនៅតំបន់អូរប្រឡាយអិនតាពេជ្រ (ស្ថិតក្នុងភូមិបន្លង់មេត្រី) ដើម្បី៖
យកផលត្រីមួយភាគមកធ្វើប្រហុកផ្អកចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យទាន់រដូវកាល
លក់ផលត្រីមួយភាគទៀត ដើម្បីប្រមូលថវិកាសាងសង់ស្ពានបេតុងថ្មីមួយខ្សែ បណ្តោយ៣០ម៉ែត្រ ឆ្លងកាត់ព្រែកជលគិរី ភ្ជាប់ទៅស្រុកកំពង់លែង ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។
ប្រជាពលរដ្ឋបានបញ្ជាក់ថា គម្រោងនេសាទនេះធ្លាប់ដាក់សំណើទៅអង្គភាពសឹករងខេត្ត និងទទួលបានការឯកភាពពីឯកឧត្តមឧត្តមសេនីយ៍ទោ សេង ណារិន មេបញ្ជាការកងកម្លាំងបង្ក្រាបបទល្មើសជលផលបឹងទន្លេសាប ដែលឯកឧត្តមបានចុះពិនិត្យទីតាំងផ្ទាល់ និងអនុញ្ញាតឱ្យធ្វើតាមសំណើ ប៉ុន្តែណែនាំឱ្យមកជម្រាបជូនខណ្ឌរដ្ឋបាលជលផលខេត្តបន្ថែម។
ឆ្លើយតបនឹងសំណើនេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ខណ្ឌបានទទួលលិខិតស្នើរួចហើយ។ ប្រជាពលរដ្ឋក៏បានដាក់ពាក្យស្នើទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលាខេត្តកំពង់ឆ្នាំង និងយោធាភូមិភាគទី៥ រួចរាល់ដែរ។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការអនុញ្ញាតនេសាទនៅតំបន់នោះ ជាសិទ្ធិរបស់ថ្នាក់រដ្ឋមន្ត្រីក្រសួងកសិកម្មតែមួយមុខ ខណ្ឌរដ្ឋបាលជលផលខេត្ត ឬស្ថាប័នណាក៏គ្មានសិទ្ធិសម្រេចដែរ ជាពិសេសទាក់ទងនឹងប្រភេទឧបករណ៍នេសាទ។ ដូច្នេះ បច្ចុប្បន្នត្រូវរងចាំការសម្រេចពីក្រសួងសិន។
ប្រជាពលរដ្ឋបាននិយាយថា បើមិនទទួលបានការអនុញ្ញាតទាន់ពេលទេ ពួកគាត់នឹងខកខានរដូវធ្វើប្រហុកផ្អក និងពន្យារគម្រោងសាងសង់ស្ពានសហគមន៍ទៅមួយឆ្នាំទៀត៕

