ខេត្តកំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្វើឱ្យបុរសវ័យ ១៧ឆ្នាំម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូដែលគេជិះ ត្រូវរថយន្តដឹកសិស្សបុកពេញទំហឹង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៩:៣០នាទី យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ ១៤១ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ ភូមិត្រពាំងត្រាច ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-0182 (ប្រើប្រាស់ដឹកសិស្ស) ដែលបើកបរដោយបុរសឈ្មោះ គន គី អាយុ ២៧ឆ្នាំ រស់នៅភូមិចាន់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម បានបើកបរពីទិសខាងលិច ទៅទិសខាងកើត។
នៅចំណុចកើតហេតុ រថយន្តនេះបានព្យាយាមវ៉ាជែងគោយន្តមួយគ្រឿងដែលបើកស្របទិសគ្នា បណ្តាលឱ្យជ្រុលទៅបុកជាមួយម៉ូតូម៉ាក ហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-1758 ដែលជិះច្រាសទិសមកវិញ។ អ្នកបើកម៉ូតូឈ្មោះ វិន សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិតាំងបំពង់ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមច្បាប់ និងប្រពៃណី។ រីឯយានជំនិះទាំងពីរខូចខាតធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុក និងបន្តនីតិវិធីតាមច្បាប់៕

