កំពង់ឆ្នាំង, ថ្ងៃទី២៥ សីហា ២០២៥ — ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយកម្លាំងប្រតិបត្តិការសឹករង និងគណៈបញ្ជាការឯកភាពរដ្ឋបាល ក្នុងស្រុកជលគិរី និងស្រុកកំពង់លែង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់ជលផល។
ក្រុមទី១ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សោភា មេបញ្ជាការសឹករងកំពង់ឆ្នាំង ប្រើប្រាស់បាឡាស្មាច់ ៧ គ្រឿង និងកម្លាំងចំនួន ៥០ នាក់ បានចុះប្រតិបត្តិការនៅតំបន់ភូមិក្បាលកន្លង់ និងភូមិពាមឆ្កោក ស្រុកជលគិរី។ ក្រុមការងារបានរកឃើញការនេសាទដោយប្រើរបាំងលូស្បៃមុង និងលបកន្ទុយកណ្ដុរ ហើយបានធ្វើការរុះរើបំផ្លាញវត្ថុតាងខុសច្បាប់នៅតំបន់នោះភ្លាមៗ។
ក្រុមទី២ សហការជាមួយកម្លាំងប្រតិបត្តិការសឹករងខេត្ត និងគណៈបញ្ជាការឯកភាពស្រុកកំពង់លែង ប្រើប្រាស់បាឡាស្មាច់ ១០ គ្រឿង កម្លាំងចូលរួម ៥៧ នាក់ បានចុះត្រួតពិនិត្យពីតំបន់អង្គរទ្វីប ដល់មុខវត្តសំរោងសែន ក្នុងឃុំស្វាយរំពារ និងឃុំសំរោងសែន។ ក្រុមការងារបានប្រទះឃើញការនេសាទដោយប្រើរបាំងសាច់អួន ដែលមានប្រវែងលើសពីកំណត់ច្បាប់ស្តីពីជលផល ហើយបានអនុវត្តការរុះរើកាត់តម្រឹមឲ្យស្របតាមច្បាប់។
លទ្ធផលសម្រេចបាន៖
ករណី លបកន្ទុយកណ្ដុរ ចំនួន ១ ករណី៖ ស្មើនឹង ៣០ គ្រឿង។
ករណី របាំងស្បៃមុង ចំនួន ១ ករណី៖ របាំង ១០ កន្លែង ប្រវែងសរុប ៥០០ ម៉ែត្រ, លូស្បៃមុង ១០ គ្រឿង, បង្គោល ២០០ ដើម និងត្រីល្អិតចម្រុះ ១០០ គីឡូក្រាម។
ករណី របាំងសាច់អួន ចំនួន ១ ករណី៖ របាំង ២ កន្លែង ប្រវែងសរុប ៣០០ ម៉ែត្រ, លបលូ ៤ មាត់ និងបង្គោល ១៥០ ដើម។
សមត្ថកិច្ចបានបន្តផ្តោតលើការការពារជលផល និងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដើម្បីថែរក្សាបរិស្ថាន និងធនធានត្រីឲ្យមានប្រសិទ្ធភាពនិងប្រយោជន៍រយៈពេលវែង។

