កំពង់ឆ្នាំង៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំង ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង និងដឹកនាំដោយលោកវរសេនីយ៍ទោ សែម មករា អធិការរងទទួលការងារប្រឆាំងគ្រឿងញៀនក្រុង។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៦:០០នាទី កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ករណីមិនរាងចាល) នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ យន់ តារា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឆែកឆេរ និងដកហូតវត្ថុតាងរួមមាន៖
ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង
ឧបករណ៍វេចខ្ចប់ និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន
បារីអេឡិចត្រូនិក ៨ដើម
ម៉ូតូ ១គ្រឿង
ទូរសព្ទដៃ ១គ្រឿង
លទ្ធផលតេស្តទឹកនោម៖ វិជ្ជមាន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
