សាងសង់អគារសង្គ្រោះបន្ទាន់ វះកាត់នៅមន្ទីរពេទ្យបង្អែកអូរជ្រៅ  ខណ: ពលរដ្ឋរស់នៅរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា ថៃ ត្រូវការខ្លាំង

ដោយ :  ភ្នំធំ / បន្ទាយមានជ័យ :ក្រសួងសុខាភិបាល តាមរយ:មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុម: ឬពេទ្យលោកសង្ឃ រាជធានីភ្នំពេញនិងសប្បុរសជនបានផ្តល់នូវជំនួយការសាងសង់អគារសង្គ្រោះបន្ទាន់និងវះកាត់តូចនៅមន្ទីរពេទ្យបង្អែកអូរជ្រៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ  ។
គឺខណ: ពលរដ្ឋរស់នៅសហគមន៍នៃស្រុកនេះ   និងរាប់ទាំងពលរដ្ឋរស់នៅភូមិជោគជ័យ ភូមិព្រៃចាន់និងភូមិនានានៃឃុំអូរបីជាន់ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា ថៃ  ត្រូវការបំផុតនោះ ។

ពិធីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នោះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត  លោកប្ល៉ែក វារី ប្រធានក្រុមប្រឹក្សាខេត្តនិងលោកវេជ្ជបណ្ឌិតតាន់ សុគុន ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ-ភ្នំពេញ និិងចូលរួមដោយមន្ត្រី ប្រជាពលរដ្ឋអ្នកពាក់ព័ន្ធ ។

ជាអគារ១ខ្នងផ្ទាល់ដីនោះ សង់ពីបេតុងប្រក់ក្បឿងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកអូរជ្រៅ ផ្លូវជាតិលេខ៥ ភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅចម្ងាយជាង២០គមពីព្រំដែន។

លោកគ្រូពេទ្យមុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកអូរជ្រៅអោយដឹងថា: សេវាសុខាភិបាលនៅទីនេះ មានពិនិត្យ ព្យាបាលជម្ងឺទូទៅ  កុមារ. ស្ត្រី សម្ភព ជាដើម ។
ប៉ុន្តែសេវាសង្គ្រោះបន្ទាន់ដោយរបួស សត្វពឹសទិច ខាំ  ការវះកាត់របួសដោយគ្រោះថ្នាក់ចរាចរណ៍  ដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌ និងដោយឧបទ្ទហេតុផ្សេងៗទៀតដែលចាំបាច់ ពិសេសនៅតំបន់ព្រំដែននោះ  អ្នកជម្ងឺត្រូវបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីនិងមន្ទីរពេទ្យក្រៅខេត្ត ។
ពលរដ្ឋរស់នៅតំបន់ជនបទនិងព្រំដែនកម្ពុជា ថៃ ពិសេសនៅភូមិ ឃុំដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនក្នុងស្រុកអូរជ្រៅចង់បានសេវាសង្គ្រោះបន្ទាន់និងការថែទាំសុខភាពដែលនៅជិត។

ពលរដ្ឋឈ្មោះសាន ចាន់ មកពីភូមិសុរិយាសង្កាត់និមិត្តបាននិយាយថា: មន្ទីរពេទ្យនេះ នៅជិតភូមិដែលគាត់រស់នៅ  ហើយវាមានភាពងាយស្រួល បើវាមានសេវាពិនិត្យ  ព្យាបាលជម្ងឺច្រើនមុខបានទោះជាក្នុងកម្រិតស្រាលនិងមធ្យមក៏ដោយ ។ ឥឡូវនេះ ខ្លួនបាននាំកូនតូចដែលមានជម្ងឺរាករូសមកសម្រាកអោយគ្រូពេទ្យព្យាបាលនៅទីនេះ ។

ចំណែកពលរដ្ឋឈ្មោះអំ វឿយ  រស់នៅឃុំអូរបីជាន់ស្រុកអូរជ្រៅបានប្រាប់ថា : ពែលសមាជិកក្រុមគ្រួសារឬកូនចៅរបស់ខ្លួនឈឺថ្កាត់ជម្ងឺទូទៅយប់ថ្ងៃ កន្លងមកតែងនាំមកទទួលសេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកអូរជ្រៅនេះ  ព្រោះវានៅជិតផ្ទះនិងចំណាយផ្សេងៗតិច ជាការទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យឯខេត្តនិងក្រៅខេត្ត។
គាត់ថា បើមានពេទ្យនៅជិតផ្ទះ ហើយឥឡូវមានកន្លែងសង្គ្រោះបន្ទាន់និងវះកាត់តូចផង រឹតតែប្រសើរ។
ព្រោះថា  វាជួយអោយការធ្វើដំណើរឆា់ប់ដល់ ។ ម្យ៉ាងសម្រាប់អ្នកកំដីនិងថែទាំអ្នកជម្ងឺក៏ងាយទៅមក មើលថែរក្សានិងការពារដីធ្លី ផ្ទះសម្បែងនិងទ្រព្យសម្បត្តិនៅតំបន់ព្រំដែនដែលប្រឈមនឹងការរំលោភបំពានយកជាយថាហេតុពីសំណាក់កងទ័ព អាជ្ញាធរនិងពលរដ្ឋភាគីថៃ។

លោកវេជ្ជបណ្ឌិតតាន់ សុគុន ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានប្រសាសន៍ថា: មូលហេតុដែលនាំអោយផ្តល់ជំនួយសាងសង់អាគារសង្គ្រោះបន្ទាន់និងវះកាត់តូចនៅក្នុងមន្ទីរពេទ្យបង្អែកអូរជ្រៅនេះ ដោយសារអាជ្ញាធរនិងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចមន្ទីរពេទ្យនេះស្នើសុំដើម្បីជួយបន្ថែមសេវាដ៏សំខាន់នេះ ក្នុងស្ថានភាពបរិបទនៃជម្លោះព្រំដែនកម្ពុជា ថៃដែលបង្កឡើងដោយភាគីថៃ ។
ក្នុងនោះ បងប្អូនប្រជាពលរដ្ឋរស់នៅសហគមន៍ជនបទនិងតំបន់ព្រំដែនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនក្នុងស្រុកនេះ ត្រូវការចាំបាច់ បន្ទាន់និងមិនអាចខ្វះបាននូវសេវាសង្គ្រោះបន្ទាន់និងវះកាត់តូចនេះ ។

លោកបានបន្តថា: ហេតុនេះក្រសួងសុខាភិបាលមានយុទ្ធសាស្ត្រនិងគោលនយោបាយលើកម្ពស់សុខុមាលភាពពលរដ្ឋអោយគ្រប់ច្រកល្ហកនោះ ក៏បានអោយមន្ទីរលោកនិងសប្បុរសជនត្រូវទៅសាងសង់អគារខាងលើ។កន្លងមក មន្ទីរពេទ្យលោកបានទៅជួយសាងសង់និងជួយសេវាសុខាភិបាលនៅខេត្តកំពង់ឆ្នាំងនិងពោធិសាត់ ។

ហើយក៏នឹងទទួលក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកនេះ មកបំប៉នលើជំនាញ ហើយគ្រូពេទ្យពីមន្ទីរពេទ្យលោក នឹងជួយលើប្រតិបត្តិការនាពេលអគារនេះសាងសង់រួចនិងដាក់អោយផ្តល់សេវា ៕

Leave a Reply

Your email address will not be published. Required fields are marked *