ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងលោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសូងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាជ្ញាធរដែនដីចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាស្ពានបេតុងស្ពានព្រះពន្លា។
គឺស្ពានបេតុងថ្មីត្រង់វត្តព្រះពន្លា ដែលសាងសង់ដោយថវិកាជាតិ។
នេះជាស្ពានបេតុង១ក្នុងចំណោមស្ពានបេតុងចំនួន៤លើដងស្ទឺងសិរីសោភ័ណដែលបត់បែន ប្រវែងជាង២គមនៅប៉ែកខាងកើតនិងអគ្នេយ៍ក្រុងសិរីសោភ័ណ ។
រួមមាន : ទី១- ស្ពានសែសិន( ផ្លូវជាតិលេខ៥) នាភូមិសែសិន ភូមិក្បាលសកពានសង្កាត់អុរអំបិល។ទី២- ស្ពានវត្តព្រះពន្លានេះ ( ភូមិ៣, ភូមិ៤នុងភូមិព្រៃឬស្សីសង្កាត់ព្រះពន្លា) ។ទី៣-ស្ពានសម្តេចតេជោ សង់ដោយក្រសួងសាធារណការ( ស្ពានទៅផ្សាររាត្រី នាភូមិ៣និងភូមិព្រៃឬស្សីសង្កាត់ព្រះពន្លា) និងទី៤- ស្ពានចក( ភូមិព្រះពន្លានិងភូមិ១ សង្កាត់ព្រះពន្លា ដែលភ្ជាប់គម្រោងផ្លូវវាងក្រុងប៉ែកខាងកើត ផ្លូវជាតិលេខ៥ឆ្ពោះទៅផ្លូវជាតិ៦) ។
យោងមន្ត្រី ស្ពាននេះមានប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ថាបនាផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង២០០ម៉ែត្រ ទទឹង១០ម៉ែត្រ កម្រាស់០.២ម៉ែត្រ ។ស្ពានតភ្ជាប់ពីភូមិ៣ និងភូមិ៤ទៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណឬភ្ជាប់ពីផ្លូវជាតិលេខ៥និងផ្លូវក្នុងខេត្តដែលបំបែកជា៥ ត្រង់រង្វង់មូលរូបសំណាកស្រីគ្រប់លក្ខណ៍ ឆ្ពោះទៅវត្តព្រះពន្លានិងប៉ែកខាងកើតឬត្រើតឆ្វេងស្ទឹងសិរីសោភ័ណ។
ស្ពាននេះអនុវត្តសាងសង់ដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទកាលពីឆ្នាំ២០២៤ ។ជាលទ្ធផលគិតមកដល់ថ្ងៃនេះ អនុវត្តបាន១០០%។
សូមរំលឹកថា ស្ពានព្រះពន្លានេះ កសាងពីឈើនៅឆ្នាំ១៩៦០មកម្ល៉េះ ។លុះដល់ក្រោយឆ្នាំ១៩៨០ មានការជួសជួល កែលម្អឡើងវិញ ហើយប្រាប្រាស់សម្រាប់មនុស្សនិងយានស្រាលឆ្លងកាត់ ។
ដល់ឆ្នាំ១៩៩៥ មេទ័ព អ្នកតំណាងរាស្ត្រនិងសប្បុរសជនក្រោមព្រះរាជតម្រិះសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ នាយករដ្ឋមន្ត្រីទី១ បានជួសជុលនិងសាងសង់ស្ពានអំពីឈើ ប្រក់ដំបូលស៏ង្កសីអោយប្រសើរឡើងវិញ ដែលអាចឆ្លងកាត់នូវមនុស្សនិងយានយន្តធុនមធ្យម។
តមក នៅឆ្នាំ២០១៥ ស្ពានឈើនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ត្រូវអាជ្ញាធរនិងជំនាញហាមចរាចរណ៍ឆ្លងកាត់។
លុះដល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ ស្ពាននេះបានបាក់ស្រុត រំលំដោយសារទឹកជំនន់ហូរគួច ។
ជាច្រើនឆ្នាំមកនេះ ប្រជាពលរដ្ឋនិងព្រះសង្ឃបានទទូចអោយអាជ្ញាធរនិងជំនាញជួយសាង់ស្ពាននេះឡើងវិញ ហើយជាស្ពានថ្មតែម្តង។ ដោយរង់ចាយូរពេក ព្រះសង្ឃនិងគណ: កម្មការវវត្តបានបិណ្ឌបាត្រប្រជាពុទ្ធបរិស័ទដើម្បីអង្គាសបច្ច័យសាងសង់ស្ពានឡើងវិញ ប៉ុន្តែអាជ្ញាធរថា ទុកអោយខ្លួនសាងសង់វិញ។
ដល់ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាល( សម្តេចតេជោហ៊ុន សែន) អាណត្តិទី៦ នៃរដ្ឋសភា បានប្រកាសតាមរយ: លោកកែ គឹមយ៉ាន ឧត្តមទីប្រឹក្សាព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យផ្តល់អោយក្រសួងងអភិវឌ្ឍន៍ជនបទសាងសង់ស្ពាននេះជាបេតុង។
ដោយស្ថានភាពក្រោយវិបត្តិនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ និងស្ថានភាពទឺងកជំនន់ ទើបនៅដើមឆ្នាំ២០២៤ ក្រុមការងារបានត្រួសត្រាយសាងសង់ស្ពានបេតុងថ្មី។
ជាផ្លូវការ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោកជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកហ៉ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ លោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា មន្ត្រី អ្នកមុខអ្នកការ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមបើកការដ្ឋានសាងសង់ស្ពាននេះ។
ស្ពានវត្តព្រះពន្លានេះ ត្រូវប្រសិទ្ធិនាមថា ជាសមិទ្ធិផលរបស់រាជរដ្ឋាភិបាល ចុងអាណត្តិទី៦នៃរដ្ឋសភា និងដើមអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ៕

