រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ សម្រេច លុប ចោល បម្រាមលើការលក់សព្វាវុធមកឱ្យប្រទេសកម្ពុជា

ដោយ : ភ្នំធំ / ភ្នំពេញ :នៅថ្ងៃទី៦វិច្ឆិកាឆ្នាំ២០២៥ ម្សិលមិញនេះ រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំបានសម្រេច លុប ចោល បម្រាមលើការលក់សព្វាវុធមកឱ្យប្រទេសកម្ពុជា ។
ពោលគឺបន្ទាប់ពីកម្ពុជា-ថៃ សម្រេចបាននូវសេចក្តីថ្លែងការណ៍រួមសន្តិភាពមួយរវាងកម្ពុជានិងថៃនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី.កាលពីសប្តាហ៍មុន( ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥) ។
នេះបើយោងការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិអេភី(AP) ថ្ងៃទី០៧ខែវិច្ឆិកានេះ ។

រដ្ឋមន្ត្រីការបរទេស អាមេរិក លោកម៉ាកូ រូប៊ូអូ( Marco Rubio) បញ្ជាក់ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៦វិច្ឆិការបស់ក្រសួងនេះថា : ការសម្រេច ចិត្តដកបម្រាមធ្វើជំនួញអាវុធជាមួយកម្ពុជានេះធ្វើឡើងដោយផ្អែកលើការខ្នះខ្នែងស្វែងរកសន្តិភាពនិងសន្តិសុខរបស់រដ្ឋាភិបាលកម្ពុជា រួមទាំងការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយ សហរដ្ឋអាមេរិកឡើងវិញលើកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

យោងតាមសេចក្តីជូនដំណឹងដដែលនេះ ” ការលក់អាវុធដល់កម្ពុជានឹងត្រូវបានអនុញ្ញាតជាមូលដ្ឋាន ទៅតាមករណីនីមួយៗ ក្រោមលក្ខណៈវិនិច្ឆ័យធម្មតា ” ។

គួររម្លឹកដែរថា កាលពីឆ្នាំ២០២១ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកចូ បៃដិន បានសម្រេចដាក់ទណ្ឌកម្ម រឹតបន្តឹងការលក់ដូរអាវុធ និងសម្ភារៈយោធាដល់ប្រទេសកម្ពុជា។
ការដាក់ទណ្ឌកម្មនោះ ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិកពន្យល់ថា ធ្វើឡើងនៅចំពោះមុខការកើនឡើងនៃឥទ្ធិពលយោធាចិននៅកម្ពុជានិងដើម្បីជំរុញឲ្យកម្ពុជាងាកមកគិតគូរពីការរំលោភសិទ្ធិមនុស្សនិងអំពើពុករលួយនៅក្នុងប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *