ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃលើការងារដោះមីនមនុស្សធម៌បានជួបពិភាក្សាគ្នាលើការងារបច្ចេកទេសដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅតាមបន្ទាត់ព្រំដែន។
គឺដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរបស់កម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវរបស់ថៃ។
នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា។ គួរបញ្ជាក់ថាក្នុងកិច្ចប្រជុំក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ នៅថ្ងៃសុក្រនេះ មានការចូលរួមផងដែរពីក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដែលប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាននិងផ្ទៀងផ្ទាត់។
តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា : ” ការងារដោះមីនមនុស្សធម៌នេះត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យនិងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក”៕

