កំពង់ឆ្នាំង(;)នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីអបអរសាទរទិវាឯករាជ្យជាតិខួបលើកទី៧២ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥) និងខួបលើកទី៧២ នៃការបង្កើតកងយោធពលខេមរភូមិន្ទ នៅបរិវេណវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំង។ ពិធីនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន ៧,៩៦៦នាក់។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងសន្ទរកថាដោយសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងមានសេចក្តីរីករាយក្រៃលែងក្នុងការប្រារព្ធពិធីដ៏មានអត្ថន័យនេះ។ ឯករាជ្យជាតិកម្ពុជាត្រូវបានសម្រេចដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) ដែលបានទាមទារឯករាជ្យពេញលេញពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
មុនឯករាជ្យ កម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងរយៈពេល៩០ឆ្នាំ (១៨៦៣-១៩៥៣)។ ក្នុងអំឡុងនោះ បារាំងបានដាក់គោលនយោបាយជម្រិតពន្ធអាករយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរជួបការលំបាកខ្លាំង។ ប្រជាជនត្រូវបង់ពន្ធជាប្រាក់ ឬសត្វចិញ្ចឹម ឬរបស់របរប្រើប្រាស់ បើគ្មានប្រាក់។ គោលនយោបាយនេះបានជំរុញឱ្យប្រជាជនខ្មែរបះបោរ និងតស៊ូប្រឆាំងនឹងអាណានិគមបារាំង។
នៅឆ្នាំ១៩៥៣ ព្រះបាទនរោត្តម សីហនុ បានទាមទារឱ្យបារាំងលុបចោលសន្ធិសញ្ញាការពារប្រទេសកម្ពុជា ដោយប្រគល់ការគ្រប់គ្រងសេដ្ឋកិច្ចជាតិមកកម្ពុជាវិញនៅខែមិថុនា ឆ្នាំ១៩៥៣។ ព្រះអង្គបានធ្វើដំណើរទៅបណ្តាប្រទេសនៅអឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក ដើម្បីប្រកាសទាមទារឯករាជ្យ។ នៅពាក់កណ្តាលខែតុលា ឆ្នាំ១៩៥៣ កងកម្លាំងខ្មែរបានវាយប្រហារមូលដ្ឋានកងទ័ពជើងទឹកបារាំងនៅតាមដងទន្លេមេគង្គ បង្ខំឱ្យបារាំងដកទ័ពចេញ។ ជាលទ្ធផល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ បារាំងបានចុះហត្ថលេខាផ្តល់ឯករាជ្យផ្នែកយោធា និងបង្កើតកងយោធពលខេមរភូមិន្ទជាផ្លូវការ ដែលបន្តរហូតមកដល់បច្ចុប្បន្ន។

