ខេត្តកំពង់ឆ្នាំង(:នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពិធីប្រណាំងទូកប្រពៃណី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្តែតប្រទីប បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ពិធីនេះបានប្រារព្ធក្រោមអធិបតីភាព ឯកឧត្តម គឹម វាសនា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំកោះថ្កូវ តំណាងឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី។
ពិធីនេះមានការចូលរួមពីលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី កងកម្លាំងប្រដាប់អាវុធទាំងបី ក្រុមការងារ និងប្រជាពលរដ្ឋជាច្រើនដែលបានអញ្ជើញមកទស្សនាកម្មវិធីនេះដោយក្តីរីករាយ។
ក្នុងឱកាសនោះ ឯកឧត្តម គឹម វាសនា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តល់ថវិកាឧបត្ថម្ភដល់គណៈកម្មការរៀបចំកម្មវិធី និងកីឡាករទូកងមួយចំនួនផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ថា ដោយសារស្ថានភាពនយោបាយ និងការឈ្លានពានពីប្រទេសជិតខាង រាជរដ្ឋាភិបាលបានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំងសម្រាប់ឆ្នាំ២០២៥។ ទោះជាយ៉ាងណា ការប្រារព្ធពិធីនេះនៅតាមមូលដ្ឋានស្រុក ឃុំ និងទីវត្តអារាមនៅតែអាចធ្វើឡើងបានជាធម្មតា។ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមរក្សាប្រពៃណីជាតិដ៏មានតម្លៃនេះឱ្យគង់វង្ស ដើម្បីកូនចៅជំនាន់ក្រោយ។

