ដោយ : ភ្នំធំ / ទីក្រុងសាម៉ាកាន់ -អ៊ូសបេគីស្តង់ :
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បង្ហាញការសោកស្ដាយរបស់កម្ពុជាចំពោះការខូចខាតលើប្រាសាទព្រះវិហារដែលរងការបាញ់ពីភាគីថៃ ក្នុងអំឡុងការប៉ះទង្គិចជាមួយថៃ ពីថ្ងៃទី២៤ ដល់២៨ កក្កដា។
លោកស្រីលើកឡើងបញ្ហានេះ នៅក្នុងអង្គមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ នៅទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្តង់ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា លោកស្រីរដ្ឋមន្ត្រី បានលើកឡើងអំពីការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃកន្លងទៅដែលបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ បេតិកភណ្ឌវប្បធម៌ពិភពលោក គឺ ប្រាសាទព្រះវិហារ។
ក្រសួងវប្បធម៌ «កម្ពុជាបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះការខូចខាតដែលមិនអាចស្ដារឡើងបាននូវស្នាដៃវប្បធម៌ដ៏មានគុណតម្លៃ និងកម្រមួយនេះ។ ទន្ទឹមគ្នានឹងនេះដែរ កម្ពុជាក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ ដែលមានការគាំទ្រ និងសាក្សីដោយផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម»។
ក្រសួងបន្តថា: «កម្ពុជាសង្ឃឹមយ៉ាងជ្រាលជ្រៅថា បណ្ដាប្រទេសជាសមាជិកអង្គការយូណេស្កូទាំងអស់ នឹងបន្តប្តេជ្ញារួមគ្នាក្នុងការការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពិភពលោក៕

