ស្មារតីអង្គប្រជុំRBC យោធភូមិភាគទី៥-និងកងទ័ពភូមិភាគទី១ : ការិយាល័យអនុព័ន្ធយោធាថៃប្រចាំស្ថានទូត

ថៃក្នុងទីក្រុងភ្នំពេញក្រឡាស់ខ្លឹមសារ
ដោយ : ភ្នំធំ / បន្ទាយមានជ័យ -ស្រះកែវ : ការិយាល័យអនុព័ន្ធយោធាថៃប្រចាំស្ថានទូត
ថៃក្នុងទីក្រុងភ្នំពេញក្រឡាស់ស្មារតីអង្គប្រជុំRBC យោធភូមិភាគទី៥ កម្ពុជា-និងកងទ័ពភូមិភាគទី១- ថៃ ដែលថា អាចអនុវត្តបានចំពោះបញ្ហាបន្លាលួស និងការរារាំងផ្សេងៗទៀត(ដែលទាហានថៃបានរាយរំលោភចូលបូរណភាពទឹកដីកម្ពុជា រំលោភបទឈប់បាញ់និងព័ទ្ធយកផ្ទះ ដី ហើយបណ្តេញចេញពលរដ្ឋកម្ពុជាជាម្ចាស់នៅភូមិព្រៃចាន់និងភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ) ។

អនុព័ន្ធខាងលើ បានចេញលិខិតមួយនាពេលថ្មីៗនេះ បដិសេធចោលសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា ពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) យោធភូមិភាគទី៥ កម្ពុជា-និងកងទ័ពភូមិភាគទី១- ថៃ ដែលថា មានការពិភាក្សាអំពីវិធានការដែលអាចអនុវត្តបានចំពោះបញ្ហាបន្លាលួស និងការរារាំងផ្សេងៗទៀត ដើម្បីសម្រួលទុក្ខលំបាករបស់ពលរដ្ឋមូលដ្ឋាននោះ ។

ប៉ុន្តែក្រសួងការពារជាតិកម្ពុជាបានការពារសេចក្តីថ្លែងការណ៍របស់ខ្លួនកន្លងមកថា: ទុកជាបានការដដែលនូវខ្លឹមសារសេចក្តីថ្លែងការណ៍ដែលយោងកំណត់ហេតុស្តីពីលទ្ធផលនៃកិច្ចប្រជុំRBC នៅស្រុកអារញ្ញប្រាថេតខេត្តស្រះកែវកាលពីថ្ងៃទី២២ខែសីហា។

ករណីនេះ សម្រាប់អ្នកវិភាគវិញយល់ថា ថៃមិនដែលមើលឃើញកម្ពុជាក្នុងផ្លូវវិជ្ជមាននោះទេ និងមិនសូវមានភាពស្មោះត្រង់នឹងពាក្យសម្តី.ក៏ដូចជាទង្វើរបស់ខ្លួនឡើយ( សរសេរនឹងដៃលុបនឹងជើង) ។

ចំណែកអ្នកនាំពាក្យកងទ័ពជើងគោក លោកវរសេនីយ៍ឯកវីនថៃ ស៊ូវ៉ារី( Winthai Suwaree)វិញបានបង្ហើបថា : កងទ័ពភូមិន្ទថៃ តាមរយៈការិយាល័យអនុព័ន្ធយោធានៃស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ បានផ្ញើលិខិតផ្លូវការមួយជូនអាជ្ញាធរកម្ពុជា នៅថ្ងៃទី២៣ ខែសីហា បន្ទាប់ពីកម្ពុជាបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC)។

បន្ទាប់ពីកិច្ចប្រជុំ RBC ថ្ងៃទី ២២ខែសីហា ឆ្នាំ២០២៥ នៅស្រុកអារញ្ញាប្រាថេតខេត្តស្រះកែវ យោធភូមិភាគទី៥របស់កម្ពុជាបានបោះពុម្ពឯកសារជាភាសាអង់គ្លេសដោយអះអាងថាភាគីទាំងពីរបានពិភាក្សាអំពី “វិធានការជាក់ស្តែងដើម្បីដោះស្រាយលួសបន្លា និងឧបសគ្គផ្សេងៗ ក្នុងគោលបំណងកាត់បន្ថយការលំបាកក្នុងសហគមន៍ សម្រួលការធ្វើដំណើររបស់ជនស៊ីវិលប្រកបដោយសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅឱ្យបានលឿនតាមដែលអាចធ្វើទៅបាន”។

កងទ័ព​ថៃ​បាន​បញ្ជាក់​ថា : RBC បម្រើ​ជា​យន្តការ​សន្តិសុខ​ព្រំដែន​ទ្វេភាគី មិនមែន​ជា​វេទិកា​សម្រាប់​ភាគី​ណាមួយ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ​ដែល​បំភ្លៃ​នោះទេ។
ការបោះផ្សាយសេចក្តីថ្លែងការណ៍ដែលអាចបំភាន់ដែលអាចបំផ្លាញទំនុកចិត្តទៅវិញទៅមកលើបញ្ហាដែលមិនត្រូវបានកត់ត្រាជាផ្លូវការនៅក្នុងកំណត់ហេតុប្រជុំគឺមិនសមរម្យទេ។
សូមរំលឹកថា ខ្លឹមសារនៃកំណត់ហេតុក្នុងកិច្ចប្រជុំRBC ខាងលើ ភាគីកម្ពុជាក៏បានលើកឡើងនិងជម្រុញអោយភាគីថៃរុះរើ យកចេញបន្លាលួសនិងកង់ឡានដែលទាហានថៃបានពង្រាយ ហ៊ុំព័ទ្ធរំលោភចូលដែនបូរណភាពទឹកដីកម្ពុជានិងរំលោភបទឈប់បាញ់។
បញ្ហានេះភាគីថៃ ឆ្លើយតបថា ចាំរាយការណ៍ជូនថ្នាក់លើខ្លួនពិនិត្យនិងសម្រេច។
ពោលគឺសកម្មភាពរាយបន្លាលួស ដាក់កង់ឡាននេះ ថ្នាក់ក្រោមនៃកងទ័ព និងកងតម្រួតថៃមិនមែនធ្វើចិត្តឯងឡើយ តែធ្វើឡើងដោយមានការចាត់តាំងពីថ្នាក់ដឹកនាំថៃមកតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *