ដោយ : ភ្នំធំ / គូឡាឡាំពួរ-ភ្នំពេញ :រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាលើសេចក្តីព្រាងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកអានុធីន ចាន់វីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ ។
ក្នុងនោះ មានការចូលរួមជាសាក្សីនិងអធិបតីផងដែរពីលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកអានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ។
ទីភ្នាក់ងារសារព័ត៌មានខ្មែរ(Agents Khmer de Press: AKP ) កងទូរទស្សន៍ជាតិកម្ពុជា( TVK) បានស្រង់ប្រសាសន៍របស់ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោដូចដែលបានថ្លែងថា: ” ខ្ញុំសូមជម្រាបជូនថាកាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេចបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី”។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាលើពង្រាងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា សពេលខាងមុខ ។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា៖ «ម្សិលមិញនេះ (ថ្ងៃទី១៧ ខែតុលា) យើងបានជួបគ្នាដោយផ្ទាល់ ហើយចរចាគ្នារហូតដល់យប់ ហើយបានឯកភាពគ្នាលើឯកសារមួយ ដែលសង្ឃឹមថា ឯកសារនេះនឹងត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរកម្ពុជា-ថៃ ដោយមានការចុះហត្ថលេខាជាសាក្សីដោយ ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន»។
កិច្ចព្រមព្រៀង ឬឯកសារស ន្តិភាពមួយនេះ ត្រូវបានប្រមុខការទូតកម្ពុជា អះអាងថា វានឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំដែលនាំប្រទេសទាំងពីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា ព្រមទាំងបង្កើតឱកាសនានាដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព។
លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន បានបន្តថា: ក្រៅពីការប្តេជ្ញាចិត្ត និងការអះអាងជាថ្មីរវាងប្រទេសទាំងពីរ ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ គោរពគ្នាទៅវិញទៅមក ជាពិសេសគោរពគោលការណ៍អធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យជាតិរបស់ប្រទេសនីមួយៗ ព្រមទាំងតាំងចិត្តសម្រាប់ស្តារទំនុកចិត្តរវាងគ្នា ។
ឯកសារនៃកិច្ចព្រមព្រៀងនោះ ក៏មានរៀបរាប់អំពីកិច្ចការសំខាន់មួយចំនួនទៀត ដែលពង្រឹងទំនុកចិត្ត និងស្តារប្រក្រតីភាពឡើងវិញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែល ត្រូវបានរដ្ឋាភិបាលកម្ពុជា-ថៃ ទម្លាក់ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បន្ទាប់ពីមានភាពតានតឹង។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថា ក្រៅពីនោះ ក្នុងឯកសារ នៃកិច្ចព្រមព្រៀងសម្រាប់ការចុះហត្ថលេខា ភាគីទាំងពីរក៏បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ, ការបោសសម្អាតមីននៅព្រំដែន ជាពិសេសគឺការដកអាវុធធុនធ្ងន់ទាំងឡាយនៅព្រំដែនបញ្ចូលទៅមូលដ្ឋានទ័ពរៀងៗខ្លួនឡើងវិញ ដើម្បីកាត់បន្ថយភាពតានតឹងផងដែរ ៕

