(ភ្នំពេញ, នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យនៅអគារ LH RESIDENCE អគារលេខ១៣ ផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១៧ នាក់ ក្នុងនោះមានជនជាតិវៀតណាម ១៤ នាក់ (ស្ត្រី ៣ នាក់) និងជនជាតិឥណ្ឌូនេស៊ី ៣ នាក់។ វត្ថុតាងដកហូតរួមមាន កុំព្យូទ័រ (All-in-One) ១០៩ គ្រឿង ម៉ូនីទ័រ ១ គ្រឿង និងទូរស័ព្ទចល័ត ១០៣ គ្រឿង។
តាមការស៊ើបអង្កេតបឋម ទីតាំងនេះត្រូវបានប្រើប្រាស់សម្រាប់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ការឆបោកតាមអនឡាញ (Online Scam) និងឆបោកស្នេហា ដែលផ្តោតទៅលើជនរងគ្រោះនៅបណ្តាប្រទេសផ្សេងៗ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចទូទាំងប្រទេសនឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើស ជាពិសេសមេខ្លោងដែលជាប់ពាក់ព័ន្ធ។

