អង្គកឋិនទានសាមគ្គីដង្ហែរទៅកាន់វត្ត ឥន្ទ្របត្តបុរីហៅវត្តអង្គរតូចខាងត្បូង

(សៀមរាប)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា នឹងឧកញ៉ា គុយ លាងគីសប្បុរសជននិងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ
បានដង្ហែរទៅកាន់វត្តឥន្ទ្របត្តបុរីហៅវត្តអង្គរតូចខាងត្បូង ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

លោកជំទាវលើកឡើងថាជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថា ជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបានលុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែ ដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។

លោកជំទាវបន្តថាបើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។

ព្រះគ្រូចៅអធិការវត្តឥន្ទ្របត្តបុរី ហៅវត្តអង្គរតូចខាងត្បូងមានថេរដិកាថា បច្ច័យដែលទទួលបានពីអង្គកឋិនទានឆ្នាំនេះ ក្រៅពីការលៃលកសម្រាប់ចង្ហាន់ព្រះសង្ឃ បច័្ចយមួយចំនួនធំត្រូវបែងចែកយកទៅជួសជុលកែលម្អព្រះវិហារ កុដិ សាលាឆាន់ ទីសេនាសនសង្ឃ និងរៀបចំបរិស្ថាន សួនច្បារក្នុងវត្តផងដែរ។

ពាក់ព័ន្ឋទៅនឹងអង្គកឋិនទាននេះដែរព្រះចៅអធិការវត្ត។បានពន្យល់ថាបុណ្យកឋិនជាពិធីបែបព្រះពុទ្ឋសាសនាបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយមិនមានកឋិនណាមួយហែរចូលទេទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។

ព្រះគ្រូចៅអធិការបន្តថា អង្គកឋិនទានបានកើតឡើង

ទី១ដោយសារជីដូនជីតាប្រជាពុទ្ឋបរិស័ទបានស្តាប់ព្រះធម៌ ព្រះវិន័យ ព្រះពុទ្ឋសាសនា បានដឹងថាកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈអ្នកទទួលក្រាលគ្រងនិងអ្នកអនុមោទនាផង។

ទី២ ដោយហេតុបានឃើញព្រះសង្ឃគង់ចាំវស្សាក្នុងវត្តនេះបានរៀនសូត្រធម៌វិន័យ ប្រព្រឹត្តត្រឹមត្រូវតាមច្បាប់ព្រះពុទ្ឋសាសនា។

ទី៣ដោយប្រជាពុទ្ឋបរិស័បានមើលឃើញអំពីហេដ្ឋារចនាសម្ព័ន្ឋវត្តមានអាយុកាលចំណាស់និងរងនូវភាពទ្រុឌទ្រោមជាអន្លើៗ ខ្វះខាតទីសេនាសេនៈសម្រាប់ព្រះសង្ឃ ។

ទី៤ ប្រជាពុទ្ឋបរិស័ទ បានឈ្វេងយល់ នូវអាយុសង្ខាររបស់ខ្លួនមិនទៀងស្ថិតស្ថេរឡើយ ក៏នាំគ្នាសន្សំបុណ្យទានសម្រាប់ជាតិមុខរបស់ពួកគាត់រៀងៗខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *